ឯកឧត្ដម ឃួង ស្រេង៖ ផ្លូវថ្មើជើង Walk street បណ្តោយមាត់ទន្លេ ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរម រាជវាំងដាក់ឱ្យដំណើរការជាជំហានដំបូងថ្ងៃទី០១ កុម្ភៈ ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ -- ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ ខែកុម្ភៈ ខាងមុខនេះ ដោយចាប់ផ្តើមនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើង (Walkstreet) នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ផ្លូវថ្មើជើងនេះ យើងមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្លេះ ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ ប៉ុន្តែបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានជំរុញ ការងារឱ្យផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។ គម្រោងនេះត្រូវតែចេញដំណើរការ នៅថ្ងៃទី០១កុម្ភៈឆ្នាំ២០២៥ខាងមុខនេះ ដោយជាជំហានដំបូងយើងបើកផ្លូវ ថ្មើរជើងនេះ នៅរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនារាជធានីភ្នំពេញឱ្យកាន់តែច្រើនថែមទៀត។

គម្រោងផ្លូវថ្មើជើង (Walk street) ត្រូវបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំបង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ នៅមុនពេលឈានទៅដល់ថ្ងៃបើកនាថ្ងៃទី០១កុម្ភៈ យើងត្រូវធ្វើការជូនដំណឹង ដើម្បីណែនាំប្រជាពលរដ្ឋរស់នៅតំបន់នេះឱ្យបានយល់ពីគម្រោងនេះ។ អាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អ ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយដាក់មីក្រូស្រែកបំពងសំលេង កុំឱ្យយានយន្តចូល ពេលបើកដំណើរការ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ គិតគូរពី អនាម័យបរិស្ថាន អ្នកលក់ដូរ ដោយសារប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំគម្រោងនេះ។ក្រោយបើកឱ្យដំណើរការ យើងនឹងអង្កេតជាមួយការដកបទពិសោធន៍ ដើម្បីកែលម្អផ្លូវថ្មើជើង (Walk street) នេះឱ្យកាន់តែល្អប្រសើរថែមទៀត៕

ដោយ សួស សំរិត





