កម្ពុជា និងបារាំង កត់សម្គាល់នូវមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយ ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដែលសម័យប្រជុំគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០២៥នេះ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥-ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាបានកត់សម្គាល់នូវមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយ ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដែលសម័យប្រជុំបន្ទាប់ គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០២៥ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីជំនួបពិភាក្សាការងារ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង។

ក្នុងលទ្ធផលនៃជំនួបពិភាក្សាការងារបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងទំនាក់ទំនងទ្វេភាគី ដោយឈរលើមិត្តភាពជាប្រវត្តិសាស្ត្រ និងតម្លៃរួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើង នូវសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ព្រះរាជទស្សនកិច្ចនាពេលថ្មីៗនេះ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋបារាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្ត អំពីការត្រៀមដំណើរបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋបារាំង របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផងដែរដែលនេះជាសក្ខីភាពនៃការប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេស បារាំង។
ជាការឆ្លើយតប ឯកឧត្តម Jacques PELLET បានជម្រាបជូនអំពីគម្រោងទស្សនកិច្ចរបស់គណៈ ប្រតិភូបារាំងមកកាន់កម្ពុជា នាពេលខាងមុខនេះផងដែរ។ ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា និងបារាំង ក្នុងការពង្រឹងនិងពង្រីក ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅឈានទៅរកភាពជាដៃគូយុទ្ធសាស្ត្រ។ ក្នុងវិស័យការពារជាតិ ភាគីទាំងពីរបានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបណ្តុះបណ្តាលកងកម្លាំងកម្ពុជា និង ប្រតិបត្តិការរក្សាសន្តិភាព ដែលបានបង្កើនការចូលរួមរបស់ស្ត្រី ដល់ ២០,៨% នៅឆ្នាំ២០២៤។ ក្នុងវិស័យវប្បធម៌ និងអប់រំ បានគាំទ្រកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ វគ្គសិក្សាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងការសម្តែងរបាំព្រះរាជទ្រព្យកម្ពុជានៅសាធារណរដ្ឋបារាំង ក្នុងឆ្នាំ២០២៥ នេះ។ ឯកឧត្តម Jacques PELLET បានឆ្លៀតឱកាសពាំនាំនូវសេចក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំបារាំងក្នុង ការទទួលស្វាគមន៍តំណាងជាន់ខ្ពស់របស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិភពលោកសំខាន់ៗ ដែលនឹងរៀបចំ នៅប្រទេសបារាំង ក្នុងឆ្នាំ២០២៥ រួមមានកិច្ចប្រជុំកំពូលសម្រាប់សកម្មភាពស្តីពីបញ្ញាសិប្បនិម្មិត កិច្ចប្រជុំកំពូលស្តីពីអាហារូបត្ថម្ភសម្រាប់កំណើន និងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ។ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការប្រឈមនឹងបញ្ហាជាសកល៕
ដោយ៖ ជឹម ណារី





