អង្គការ Wildlife Alliance ជួយស្ត្រីជនជាតិដើមភាគតិចចុង លើការអប់រំផ្នែកហិរញ្ញវត្ថុ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥--
មន្ត្រីអង្គការ Wildlife Alliance បានឱ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះថា ខ្លួនបាន និងកំពុងផ្តល់អំណាចដល់ស្ត្រីជនជាតិដើមភាគតិចចុង ជាមួយនឹងការអប់រំផ្នែកហិរញ្ញវត្ថុនិងការគាំទ្រខ្នាតតូចដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ការផ្តល់អំណាចដល់ស្ត្រីជនជាតិដើមភាគតិចចុង គឺតាមរយៈការបំពាក់ពួកគេនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់ និងទទួលបានកម្ចីខ្នាតតូច។ គំនិតផ្តួចផ្តើមនេះបានជួយស្ត្រីបង្កើត និងពង្រីកអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេដែលនាំឱ្យមានឯករាជ្យសេដ្ឋកិច្ច និងសហគមន៍កាន់តែរឹងមាំ។
មានស្ត្រីជនជាតិចុង ជាច្រើនបានទទួលជោគជ័យក្នុងការចិញ្ចឹមសត្វ ការដាំដុះ និងពាណិជ្ជកម្មខ្នាតតូច បង្កើតប្រាក់ចំណូលថេរដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ស្ថិរភាពហិរញ្ញវត្ថុនេះមិនត្រឹមតែធ្វើឱ្យគុណភាពជីវិតរបស់ពួកគេប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងអាចឱ្យពួកគេវិនិយោគលើការសិក្សានិងអនាគតរបស់កូនៗពួកគេថែមទៀតផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ Wildlife Alliance)





