អភិបាលខេត្តស្វាយរៀងដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនឱ្យមន្ទីរ អង្គភាពជុំវិញខេត្តយកទៅអនុវត្ត
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនឱ្យមន្ទីរ អង្គភាពជុំវិញខេត្តយកទៅអនុវត្តដូចជា៖ ១. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករពិសេសបញ្ហាប្រភពទឹកក្នុងការស្រោចស្រពស្រូវ។ ២. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងរុះរើរាល់ផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។ ៣. អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតតិលេខ១ ត្រូវពិនិត្យ និងសម្អាតឱ្យបានស្អាត និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅលើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ៤. ក្រុមហ៊ុនប្រមូលសំរាមត្រូវមានការយកចិត្តទុកដាក់លើការប្រមូលឱ្យបានស្អាត ជាពិសេសសំរាមដែលដឹកយកទៅចោលត្រូវចាក់ចូលទៅក្នុងរណ្តៅឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ៥. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើង ដែលបង្កការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ដោយមិនត្រូវលើកលែងឡើយ។ ៦. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យបានម៉ឺងម៉ាត់ និង៧. បន្តការផ្សព្វផ្សាយ អប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





