គ្រូពេទ្យស័្មគ្រចិត្តនៃអង្គការហា ឆាន់ ខាំ សាធារណរដ្ឋកូរ៉េខាងត្បូង សហការជាមួយមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ពិនិត្យជំងឺជូនពលរដ្ឋឥតគិតថ្លៃ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥--
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យជាច្រើនរយនាក់ បាននាំគ្នាមកធ្វើការពិនិត្យសុខភាពរបស់ខ្លួនពីក្រុមគ្រូពេទ្យស័្មគ្រចិត្តនៃអង្គការហា ឆាន់ ខាំ សាធារណរដ្ឋកូរ៉េខាងត្បូង ដែលបាន សហការជាមួយមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បើកធ្វើការពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកសិរីសោភ័ណ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកសិរីសោភ័ណបានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការ ហា ឆាន់ ខាំ ចំនួន៣០រូប ដែលមកពីសាធារណរដ្ឋកូរ៉េខាងត្បូង នឹងមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទាំងចាស់ និងកូនក្មេង ក្នុងមួយថ្ងៃចំនួន៣០០នាក់ ចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥ ដោយមានឯកទេសខាងព្យាបាល ដូចជាជំងឺទូទៅជំងឺបេះដូង ជំងឺភ្នែក ជំងឺមាត់-ធ្មេញ ជំងឺសន្លាក់ ជំងឺរោគស្ត្រី និងចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលបានអញ្ជើញដឹកនាំ សម្របសម្រួលការពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយមិនយកកម្រៃជូនប្រជាពលរដ្ឋនៅក្នុង ក្រុងសិរីសោភ័ណនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការ ហា ឆាន់ ខាំ សាធារណរដ្ឋកូរ៉េខាងត្បូងដែលបានចំណាយពេលវេលារួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកការពារសុខភាពប្រជាពលរដ្ឋឱ្យមានភាពប្រសើរនោះ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសអ្នកក្រុងសិរីសោភ័ណដែលមានបញ្ហាសុខភាពសូមរុះរាន់មកពិនិត្យសុខភាពរបស់ខ្លួនពីក្រុមគ្រូស័្មគ្រចិត្តនៃអង្គការហា ឆាន់ ខាំ សាធារណរដ្ឋកូរ៉េខាងត្បូងនៅពេទ្យបង្អែកក្រុងសិរីសោភ័ណដោយឥតគិតថ្លៃតាមកាលកំណត់នោះ៕

ដោយ ឈុន សារ៉ាត





