តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយCDC
AKPភ្នំពេញថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៥៖ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបពិភាក្សាការងារ ដើម្បីលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី។
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអូស្ត្រាលីជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងវិស័យឯកជន។

ជារួម អង្គប្រជុំបានពិភាក្សាប្រកបដោយផ្លែផ្កាលើទិដ្ឋភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃបេសកកម្មដ៏មានសារៈសំខាន់ខាងលើ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់អំពីឧត្តមានុវត្តន៍ និងទស្សនទាននៃការរៀបចំដើម្បីសម្របជាមួយនឹងស្ថានភាព និងនិន្នាការរបស់សហគមន៍ធុរកិច្ចអូស្ត្រាលី។ មុននឹងបញ្ចប់ អង្គប្រជុំបានបង្ហាញនូវសុទិដ្ឋិនិយមថាគម្រោងនៃការរៀបចំបេសកកម្មខាងលើនឹងប្រែក្លាយទៅជាសមិទ្ធផលរូបីសម្រាប់ប្រទេសទាំងពីរនាឱកាសខួបគម្រប់៧៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលីជាក់ជាពុំខាន។


សូមជម្រាបជូនផងដែរថា បេសកកម្មជំរុញ និងទាក់ទាញវិនិយោគគឺជាផ្នែកមួយនៃយុទ្ធនាការទាក់ម៉ូយដែលបានដាក់ចេញឱ្យប្រតិបត្តិដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់កិត្យានុភាព និងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ៕
ដោយ៖ ចរិយា ប្រភព៖ CDC





