កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមតន្រ្តីសំនៀងជនពិការ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ -- សមាគមតន្រ្តីសំនៀងជនពិការ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពអនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតី លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគម ក្នុងគោលបំណងស្វែងយល់ពីការលំបាក និងបញ្ហាប្រឈមផ្សេងៗ ស្វែងរកដំណោះស្រាយសមស្រប និងធ្វើការកែលម្អចំណុចខ្វះខាតដើម្បីលើកកម្ពស់សិទ្ធិ និងគាំពារជនមានពិការភាព ព្រមទាំងស្វែងរកជំនួយឧបត្ថម្ភគាំទ្រដល់បងប្អូនជនមានពិការភាព។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវ ញ៉ែម មរកត បានថ្លែងអំណរគុណចំពោះលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងបានកោតសរសើរចំពោះ ឯកឧត្តម ចាប តូ ប្រធានសមាគម និងក្រុមការងារទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តអភិវឌ្ឍន៍សមាគម ដើម្បីបម្រើផលប្រយោជន៍សម្រាប់ខ្លួនឯង និងជនមានពិការភាព ហើយជាពិសេសសមាគមមានសំណាងដោយអាណត្តិនេះមានឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងលោកជំទាវ ជា ផល្គុន យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម។

ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានលើកឡើងពីផែនការសកម្មភាពដែលសមាគមបានអនុវត្តកន្លងមកមានដូចជា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនមានពិការភាពភ្នែក និងកាយសម្បទា ផ្នែកតន្រ្តីសម័យ ផ្នែកម៉ាស្សាដៃទេពតាមបែបជប៉ុនដោយជនមានពិការភាពភ្នែក ផ្នែកកុំព្យូទ័រ (បង្រៀនកុំព្យូទ័រដល់ជនមានពិការភាពភ្នែក និងកាយសម្បទា) ផ្នែកកីឡា ព័ត៌មាន និងវគ្គបណ្តុះបណ្តាលនានាជាច្រើនទៀតរួមទាំងចំណូល ចំណាយ ការសម្របសម្រួលដល់បងប្អូនជនមានពិការភាពបានចូលសម្រាកព្យា បាលនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ល៕







