អង្គការ UNICEF និងរដ្ឋាភិបាលចិន សហការគ្នាលើកកម្ពស់ប្រព័ន្ធសុខាភិបាលនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥-- អង្គការ យូនីសេហ្វ UNICEF និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមសហការគ្នាក្នុងការលើកកម្ពស់ប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដោយផ្តោតលើទឹកស្អាត អនាម័យ និងសុខភាពរបស់មាតា និងទារក ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តរតនគិរី នាពេលថ្មីៗនេះ អង្គការ UNICEF និងតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានចុះទៅសហគមន៍មូលដ្ឋាន ដើម្បីស្វែងយល់កាន់តែច្បាស់ពីបញ្ហាប្រឈមរបស់ពួកគេ និងបានឃើញការផ្លាស់ប្តូរតាមរយៈជំនួយរបស់ប្រជាជនចិន ដែលបានជួយកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារ និងគ្រួសារនៅកម្ពុជា។

មន្រ្តី អង្គការ UNICEF បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងធានាឱ្យកុមារគ្រប់រូបធំធាត់ឡើងមានសុខភាពល្អ និងទទួលបានសេវាថែទាំដែលចាំបាច់៕

ដោយ ណយ នឿន (ប្រភព៖ UNICEF)





