ខេត្តព្រះសីហនុ និងខេត្តត្រាត រួមគ្នាជំរុញទេសចរណ៍ផ្លូវសមុទ្រ
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ទទួលជួបសម្ដែងការគួរសមជួបឯកឧត្តម ណាថ:ភុន សានគ័ងឆីត (Natthapong Sanguanchit) អភិបាលខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដើម្បីរួមគ្នាជំរុញទេសចរណ៍ផ្លូវសមុទ្រកាន់តែជិតស្និទ្ធ នៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ប្រតិភូថៃមកកាន់ខេត្តព្រះសីហនុ ព្រមទាំងបង្ហាញពីភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលស្ថិតនៅប៉ែកនិរតីនៃព្រះរាជាណាចក្រកម្ពុជា មាន ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់ ១១១ភូមិ យើងបង្កើតក្រុងថ្មីមួយទៀត គឺក្រុងកំពង់សោម។ ខេត្តព្រះសីហនុមានកោះតូច ធំ ៣២ ថ្មដុះ១ ថ្មប៉ប្រេះទឹក៥ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ មានជីវចម្រុះបាតសមុទ្រ មានឆ្នេរ ១៧៥គីឡូម៉ែត្រ ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលជាគោលដៅឧស្សាហកម្ម ទេសចរណ៍ និងវិនិយោគ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធនាមថា ជាតារារះនាទិសនិរតី។ ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តស្នូលនៃប្រទេសកម្ពុជា មានខេត្តចំនួន៤ក្នុងនោះ មានខេត្តកោះកុង ខេត្តព្រះសីហនុ កំពត និងខេត្តកែប។ ខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ដែលរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានចែកជា៣ តំបន់ក្នុងនោះ ១.ឧស្សាហកម្ម (ដឹកជញ្ជូន) ២. ទីក្រុងសមាហរណកម្ម និងហិរញ្ញវត្ថុអន្តរជាតិ និង៣.តំបន់ទេសចរណ៍ (តំបន់កោះ) ដើម្បីរុញឱ្យខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រដ្ឋាភិបាលបានធ្វើការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើងវិញ និងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ រៀបចំឆ្នេរ បន្ទប់ទឹកសាធារណៈ និងការសាងសង់រូបសំណាក ដែលជាអរិយធម៌របស់កម្ពុជាផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនពីសក្តានុពល ផ្លូវគមនាគមន៍ផ្លូវទឹក ខេត្ត មានកំពង់ផែចំនួន៣ ក្នុងនោះកំពង់ផែឧកញ៉ាម៉ុង កែវផុស កំពង់ផែស្រុកស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣តំណាក់កាល ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៩ មានជម្រៅទឹក ១៧,៥០ម៉ែត្រ។ ផ្លូវអាកាស ព្រលានយន្តហោះអន្តរជាតិ មានការហោះហើរក្នុងស្រុក និងក្រៅស្រុក មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី និងកាហ្សាក់ស្ថាន និងសង្ឃឹមថានឹងមានការហោះហើរឆាប់នេះពីខេត្តព្រះសីហនុ ទៅបាងកក ប្រទេសថៃ។ ផ្លូវគោក មានផ្លូវដែក ១ខ្សែ ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿន។ ខេត្ត មានតំបន់សេដ្ឋកិច្ចពិសេស៥ កំពុងដំណើការ។ ដើម្បីសម្រេចចក្ខុវិស័យ និងគោលដៅជំរុញការផ្លាស់ប្តូរទេសចរណ៍ផ្លូវសមុទ្ររវាងប្រទេសទាំង៣ មានដូចជា កម្ពុជា ថៃ និងវៀតណាម។

ឯកឧត្តម ណាថ:ភុន សានគ័ងឆីត (Natthapong Sanguanchit) អភិបាលខេត្តត្រាតនៃព្រះរាជាណាចក្រថៃ បានថ្លែងអំណគុណរដ្ឋបាលខេត្ត អនុញ្ញាតឱ្យប្រតិភូរបស់ឯកឧត្តម ចូលជួបពិភាក្សាគ្នានាថ្ងៃនេះមានការរីករាយ ដែលប្រតិភូខេត្តត្រាតបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងគោលបំណងរួមគ្នាជំរុញវិស័យទេសចរណ៍ផ្លូវសមុទ្ររវាងខេត្តទាំងពីរ ខេត្តត្រាត និងខេត្តព្រះសីហនុ។ ខេត្តត្រាត ជាខេត្តមួយទាក់ទាញនឹងវិស័យទេសចរណ៍ដែលមានបា្រក់ចំណូលក្នុងមួយឆ្នាំ ២ម៉ឺនលានបាត មានស្រុកចំនួន៧ ប្រជាពលរដ្ឋជាង ២០ម៉ឺននាក់។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏មានការចាប់អារម្មណ៍មកកាន់ខេត្តព្រះសីហនុកន្លងមក និងបានមកចូលរួមកិច្ចប្រជុំ (CVTEC) នៅខេត្តព្រះសីហនុ ដែលមានប្រទេសកម្ពុជា ថៃ និងវៀតណាម ស្របតាមកិច្ចព្រមព្រៀងជំរុញវិស័យទេសចរណ៍ផ្លូវសមុទ្ររវាងប្រទេសទាំង៣ ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូវិស័យទេសចរណ៍មកកម្សាន្តខេត្តព្រះសីហនុ កំពត កែប និងបន្តទៅកាន់ប្រទេសវៀតណាម ធ្វើឱ្យប្រាក់ចំណូលពីវិស័យទេសចរណ៍មានការកើនឡើងថែមទៀត។ គណៈប្រតិភូខេត្តត្រាតបានមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺតាមផ្លូវទឹក ដើម្បីធ្វើបច្ចុប្បន្នភាពលើវិស័យទេសចរណ៍ផ្លូវសមុទ្ររវាងខេត្តព្រះសីហនុ និងខេត្តត្រាតប្រទេសថៃ អាចជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ កើនជាង៦ភាគរយ និងជួយជំរុញវិស័យទេសចរណ៍ពីខេត្តតា្រត មកកាន់ខេត្តព្រះសីហនុ។

ឯកឧត្តមបានសង្ឃឹមថា យើងមានប្រព័ន្ធផ្លាស់ប្តូរកាន់តែលឿន និងមានប្រសិទ្ធភាព បន្តកិច្ចសហការគ្នាបន្តទៀត ដើម្បីជំរុញកំណើនលើកកម្ពស់វិស័យទេសចរណ៍ធុរកិច្ចឱ្យមានគុណភាពខ្ពស់ ដោយផ្តោតលើការតភ្ជាប់ទេសចរណ៍ផ្លូវសមុទ្ររវាងខេត្តត្រាត និងកោះផ្សេងៗទៀតរបស់ប្រទេសកម្ពុជា និងប្រទេសវៀតណាមក្រោមក្របខណ្ឌ CVTEC៕
ដោយ ងូ សុមុនី





