រដ្ឋមន្ត្រីក្រសួងកសិកម្មជួបសំណេះសំណាលជាមួយប្រជាកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើបនៅស្រុកបារាយណ៍
AKP កំពង់ធំ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹកនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសហគមន៍កសិកម្មទំនើបដែលមានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិតមានផែនការផលិតកម្មច្បាស់លាស់។ ផលិតតាមតម្រូវការទីផ្សារមានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សហគមន៍កសិកម្មទំនើបនេះទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្មតាមរយៈមន្រ្តីកសិកម្មឃុំ និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម ប្រការសំខាន់ត្រូវមានការសហការរួមគ្នាកសាងទំនុកចិត្តជាមួយគ្នា គោរពច្បាប់លក្ខន្តិកៈរបស់សហគមន៍ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព។ ដោយយល់ឃើញពីផលប្រយោជន៍យូរអង្វែងប្រជាកសិករផផលិតស្រូវបានឯកភាពរួមគ្នាក្នុងការបង្កើតសហគមន៍កសិកម្មទំនើបនេះឡើង និងស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្នុងការចងក្រងច្បាប់ដើម្បីចុះបញ្ជី ព្រមទាំងងាកមកដាំពូជស្រូវសែនក្រអូបដែលមាន៥០០ហិកតាស្រាប់ និងបន្តពង្រីកសក្តានុពលនៃពូជក្នុងស្រុកនេះចំនួន៣ ១៥៨ ហិកតានារដូវក្រោយក្នុងខែមេសានេះជាមួយនឹងកិច្ចសន្យាផលិតកម្ម និងមានតម្លៃទីផ្សារខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តបេសកកម្មចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក ក្នុងគោលបំណងពិនិត្យមើលស្ថានភាពទឹកសម្រាប់ស្រែប្រាំងរបស់ប្រជាកសិករក្នុងស្រុកបារាយណ៍នេះដើម្បីកុំឱ្យមានការខ្វះខាត និងអាចគ្រប់គ្រងបានដោយមិនប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ៕
ដោយ ស៊ុម វណ្ណា





