ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អះអាងសាជាថ្មីពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ក្នុងការបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជាបានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ក្នុងការបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ខណៈពេលដែលប្រទេសទាំងពីរកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ក្នុងអំឡុងពេលជួបសម្តែងការគួរសម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Messerer បានរម្លឹកអំពីព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ រួមមានដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម បណ្ឌិត Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ មកកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និង កិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Olaf Scholz អធិការបតី អាល្លឺម៉ង់ នៅក្នុងឱកាសកិច្ចប្រជុំកំពូលរម្លឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល កាលពីខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Messerer បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង ដែលកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍប្រកបដោយ និរន្តរភាព ការបោសសម្អាតមីន និងថាមពល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត Messerer បានយល់ស្របគ្នាថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រទេសទាំងពីរនៅមានឱកាសជាច្រើនទៀតសម្រាប់ពង្រីក ពាណិជ្ជកម្មទ្វេភាគី ដែលមានលើសពី១ប៊ីលានដុល្លារអាម៉េរិក នាឆ្នាំកន្លងទៅនេះ។
ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្នើប្រទេសទាំងពីរពិចារណាលើការបញ្ចប់កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការជៀសវាងការយកពន្ធត្រួតស៊ីគ្នា និងការលើកកម្ពស់ និងការពារការវិនិយោគរួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏មានតម្លៃរបស់អាល្លឺម៉ង់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានស្វាគមន៍ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅខេត្ត ខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលការណ៍នេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែ ខ្លាំងឡើងរបស់អាល្លឺម៉ង់មកលើកម្ពុជា៕
ដោយ៖ ជឹម ណារី





