ឯកអគ្គរាជទូតអូស្រ្តាលី៖ វិស័យអប់រំគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរអូស្ត្រាលី-កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជានាពេលកន្លងមក ជាពិសេសចំពោះវិស័យអប់រំផ្ទាល់ ដោយបានបញ្ជាក់ថា វិស័យអប់រំគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាវិស័យគន្លឹះមួយក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរដ្ឋាភិបាលអូស្ត្រាលី បាន និងកំពុងបន្តគាំទ្រលើវិស័យអប់រំដូចជាកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា ដែលបានជួយគាំទ្រដល់សិស្សនិស្សិតកម្ពុជាជាច្រើននាក់នាពេលកន្លងមក ក្នុងការទទួលបានគុណភាពអប់រំអន្តរជាតិ ក៏ដូចជាធាតុចូលសំខាន់ៗ និងគំនិតផ្តួចផ្តើមនានារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្នុងការបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែល្អប្រសើរថែមទៀត។ ការលើកឡើងរបស់ឯកឧត្តមទូតបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួង កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលីចំពោះការជួយគាំទ្រមកលើវិស័យអប់រំនាពេលកន្លងមក ជាពិសេសចំពោះការផ្តល់នូវអាហារូបករណ៍សម្រាប់ប្រជាជនកម្ពុជារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលបានរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងចលករដ៏មានសក្ដានុពល ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃកម្មវិធីសិក្សាអន្តរជាតិដូចជា ថ្នាក់បរិញ្ញាបត្រអន្តរជាតិ (IB) និងវគ្គសិក្សា STEM ដើម្បីឱ្យយុវជនកម្ពុជាត្រៀមខ្លួនក្នុងដំណើរជីវិតការសិក្សាបន្តទៀត។ ក្រៅពីការផ្តល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់រដ្ឋាភិបាលអូស្ត្រាលីឱ្យមានការសហការជាមួយកម្ពុជា ក្នុងការនាំយកកម្មវិធីសិក្សារបស់ប្រទេសអូស្ត្រាលីផ្ទាល់មកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យកាន់តែមានភាពងាយស្រួលដល់សិស្សានុសិស្សកម្ពុជាក្នុងការសិក្សា និងផ្តល់ឱកាសដល់ពួកគេឱ្យទទួលបានការអប់រំប្រកបដោគុណភាពខ្ពស់ និងតាមកម្រិតស្តង់ដាអន្តរជាតិ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលនានាលើគ្រប់វិស័យ ហើយសង្ឃឹមជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយគ្នាបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យអប់រំនានាក្នុងគោលដៅបន្តអភិវឌ្ឍន៍ធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





