អង្គការ Oxfam រៀបចំសិក្ខាសាលាស្តីពីការចាប់ផ្តើមធ្វើផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥-- អង្គការអុកស្វាម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានគាំទ្រសិក្ខាសាលាស្តីពី ការចាប់ផ្តើមធ្វើផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC 3.0) ដែលដឹកនាំដោយក្រសួងបរិស្ថាន។

នេះគឺជាការចាប់ផ្តើមធ្វើផែនការជាតិរួមមួយឱ្យកាន់តែមានមហិច្ឆតា បរិយាបន្ន និងការបេ្តជ្ញាខ្ពស់ជាងមុន ធ្វើយ៉ាងណាសម្រេចឱ្យបានមុន (COP30 )។ សិក្ខាសាលានេះ មានការចូលរួមពីក្រសួងពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល យុវជន សិស្សានុសិស្ស ក្រុមជនជាតិដើមភាគតិច និងវិស័យឯកជន រួមទាំងស្ថាប័នហិរញ្ញវត្ថុ។

សិក្ខាសាលានេះបានផ្តោតទៅលើចំណុចសំខាន់ៗចំនួន៣ដែល ទី១. ការចាប់ផ្តើមដំណើរការអភិវឌ្ឍន៍ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ ទី២. បង្ហាញពីវិធីសាស្រ្តប្រកបដោយបរិយាបន្ន និងផែនការការងារ និងទី៣. លើកកម្ពស់ការចូលរួមរបស់យុវជន និងសិទ្ធិមនុស្សក្នុងសកម្មភាពអាកាសធាតុ ស្របតាមគោលដៅអាទិភាពរបស់កម្ពុជាទៅនឹងគោលដៅអាកាសធាតុពិភពលោក ។

អង្គការ Oxfam មានសេចក្ដីសោមនស្សរីករាយដែលឃើញ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន បានចាប់ផ្តើមដំណើរការអភិវឌ្ឍន៍ (NDC 3.0) ឱ្យកាន់តែមានមហិច្ឆតាខ្ពស់ ហើយមានសកម្មភាពចូលរួមយ៉ាងផុសផុលប្រកបដោយបរិយាបន្ន និងអំពាវនាវឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់នៅក្នុងដំណើរការអភិវឌ្ឍន៍ផែនការជាតិនេះ៕
ដោយ ណយ នឿន (ប្រភព៖ Oxfam)





