អង្គការ WWF ដាក់កាំមេរ៉ាស្វ័យប្រវត្តិចំនួន ១៧ នៅដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីថតរូបខ្លារខិន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥-- មន្រ្តីអង្គការ WWF នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មានក្តីសង្ឃឹម និងញញឹមយ៉ាងមានទំនុកចិត្តថា កាំមេរ៉ាស្វ័យប្រវត្តិ ដែលកំពុងដំឡើងនៅក្នុង ដែនជម្រកសត្វព្រៃភ្នំព្រេច នឹងចាប់ផ្តើមថតរូប ខ្លារខិនញីមួយក្បាល ដែលប្រជពលរដ្ឋជួបប្រទះញឹកញាប់កន្លងមកនោះ។

ពេលនេះក្រុមការងារស្រាវជ្រាវជីវៈចម្រុះ និងត្រួតពិនិត្យ របស់អង្គការ WWF បានកំពុង និងដាក់កាំមេរ៉ាស្វ័យប្រវត្តិចំនួន ១៧ នៅទូទាំងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសង្ឃឹមថា នឹងអាចឃើញវត្តមានខ្លារខិន ដែលខ្លារខិនញីមួយក្បាលត្រូវបានគេឃើញដើរលេងនៅតំបន់នេះកាលពីឆ្នាំមុន ។
ហើយតាមរយៈលទ្ធផលនៃការខិតខំនេះ ក៏ជាសញ្ញាដ៏គួរឱ្យសង្ឃឹមថា ប្រភេទសត្វដ៏អស្ចារ្យមួយប្រភេទនេះនៅតែបន្តមានវត្តមានរស់នៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៅឡើយ ទោះបីជាមានបទល្មើសប្រមាញ់សត្វព្រៃ និងកត្តាខ្វះចំណីក៏ដោយ៕
ដោយ ណយ នឿន (ប្រភព៖ WWF)





