ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញជួបប្រជុំពិភាក្សាការងារស្តីពីការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេសជាមួយថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥-- កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស ជាមួយថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ ប្រធាន និងអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធចំនួន ១១រួមមាន ខេត្តកំពង់ស្ពឺ កណ្តាល កំពង់ចាម បន្ទាយមានជ័យ តាកែវ កំពត ពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និងខេត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរ ដែលមានចំនួនសរុបប្រមាណ ៥០នាក់។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ឱ្យដឹងថា គោលបំណងចម្បងនៃកិច្ចប្រជុំគឺដើម្បីស្នើសុំកិច្ចសហការ និងពិភាក្សាអំពីនីតិវិធីងាយស្រួលសម្រាប់ជាដំណោះស្រាយរួមគ្នាពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត ក្នុងការជំរុញពន្លឿនការចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកចំនួន ៤៣២ ដែលបាននិងកំពុងដំណើរការចុះបញ្ជី រួមទាំងអាងស្តុកទឹក និងអាងទឹកដែលនៅសេសសល់មិនទាន់បានចុះចំនួន ៨៩០ផ្សេងទៀត ដើម្បីរក្សាទុកជាសម្បត្តិសាធារណ:របស់រដ្ឋ សម្រាប់បម្រើជាប្រយោជន៍ដល់សាធារណជនប្រកបដោយចីរភាព និងនិរន្តរភាព។

សូមបញ្ជាក់ថា នៅទូទាំងប្រទេសមានអាងស្តុកទឹក និងអាងទឹកសរុបចំនួន ១ ៥៦២ ដែលចាំបាច់ធ្វើការចុះបញ្ជី ក្នុងនោះមានចំនួន២៤០ បានចុះបញ្ជីរួច ចំនួន ៤៣២ បាន និងកំពុងរៀបចំនីតិវិធីដំណើរការចុះបញ្ជី និងចំនួន ៨៩០ មិនទាន់បានចុះបញ្ជី៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





