ក្រុមការងារសុវត្ថិភាពចរាចរណ៍ខេត្តបន្ទាយមានជ័យចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមដែលខិតជិតមកដល់
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥-- ក្រុមចម្រុះការងារសុវត្ថិភាពចរាចរណ៍ខេត្តបន្ទាយមានជ័យដែលមានមកពីមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយមានការចូលរួមសហការពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ បានបន្តចុះអប់រំ និងផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពជូនដល់អ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ ធ្វើនៅចំណុច ផ្លូវបំបែកវាងក្រុង ភូមិព្រែកជីក ឃុំបត់ត្រង់ស្រុកមង្គលបូរីដើម្បីពញ្ញាក់ស្មារតីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ពិសេសនោះ ក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមដែលចូលមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសដឹកនាំកម្លាំងចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក លោកវរសនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់ឱ្យដឹងថាអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយ មន្ត្រីមកពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សាខាកាកបាទក្រហមខេត្ត បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ក្នុងគោលបំណងនៃការយុទ្ធនាការនេះគឺ ដើម្បីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ អ្នកដំណើរ អ្នកបើកបរ រថយន្ត ម៉ូតូ រ៉ឺម៉កតាមដងផ្លូវ បង្កើនការយល់ដឹងស្តីពីច្បាប់ចរាចរណ៍ ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលសញ្ញា ភ្លើងសញ្ញា និងការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុតនោះ។


ជាមួយគ្នានោះដែរ លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យដឹងដែរថា ទន្ទឹមគ្នានេះសមត្ថកិច្ចយើងក៏មានការចែកជូនប្រជាពលរដ្ឋ និងអ្នកដំណើរនូវឯកសារសុវត្ថិភាពចរាចរណ៍ និងមានការសួរសំណួរស្ដីពីច្បាប់ចរាចរណ៍ ដើម្បីឆ្លើយយករង្វាន់មួកសុវត្ថិភាព ដោយចំណាយអស់សម្ភារៈមួយចំនួនមានសៀវភៅ អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តបណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ស្ទីកឃ័រចំណាំងផ្លាតពណ៌ក្រហម ខិត្តបណ្ណពិន័យអ្វីដែលអ្នកបើកបរត្រឹមត្រូវ ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខិត្តបណ្ណសុវត្ថិភាពក្នុងការបើកបរយានយន្ត មួកសុវត្ថិភាព និងផ្ទាំងរូបភាពសញ្ញាចរាចណ៍ ជាដើមទៀត៕


ដោយ ឈុន សារ៉ាត





