ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្ថាប័នតុលាការ មេធាវីប្រចាំខេត្ត កងកម្លាំងក្នុងខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក អធិការនគរបាលស្រុក ក្រុង មេបញ្ជាការផ្នែកសឹករងស្រុក ក្រុង ចៅសង្កាត់ មេឃុំ ស្មៀនឃុំ និងគ្រឹះស្ថានឯកជនក្នុងខេត្ត សរុបសមាសភាពចូលរួមប្រមាណ ៧០០នាក់។

ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងភាពរីករាយ និងមានប្រសាសន៍ថា អង្គសន្និបាតនាពេលនេះ ជាព្រឹត្តិការណ៍មួយដែលគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់បានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យដែលរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបានក្នុងឆ្នាំ២០២៤ កន្លងទៅ ក៏ដូចជាការស្វែងយល់ពីបញ្ហាប្រឈម ដំណោះស្រាយ និងកាលានុវត្តភាព ដោយដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក្នុងគោលដៅចូលរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។

សមិទ្ធផលដែលក្រសួង-ស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់សម្រេចបានកន្លងមក គឺជាការឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត បញ្ចាកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការចាប់ផ្ដើម អនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ "កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០"។

បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យមានការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដោយបានសង្កត់ធ្ងន់លើការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការលើកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលំអប្រព័ន្ធជ្រើសរើសមន្ត្រីស៊ីវិល ការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានអភិបាលរាជធានី ខេត្តជាសមាជិកផងដែរ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចសមិទ្ធផលនានាជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនដែរថា ពិធីបិទសន្និបាតនេះ មានការឡើងថ្លែងមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលសន្និបាត ដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការដែលមានស្នាដៃផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ AKP-កំពង់ស្ពឺ





