ក្រសួងបរិស្ថានបើកកិច្ចប្រជុំដើម្បីពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្វាយរៀងបានបើកកិច្ចប្រជុំផ្សព្វផ្សាយរួមគ្នាមួយដើម្បីទប់ស្កាត់ក៏ដូចជាកាត់បន្ថយការបំពុលខ្យល់ ក្នុងនោះដូចជាការដុតគល់ជញ្ជ្រាំង ដុតសំរាម ដុតព្រៃនិង ដុតតាមទីវាលជាដើម។

ឯកឧត្តម សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងក្នុងវេទិកា ផ្សព្វផ្សាយនេះថាពិតជាមានសារៈប្រយោជន៍យ៉ាងសំខាន់ដើម្បីពង្រឹងការត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ដែលផ្តល់ប្រយោជន៍ដល់សុខភាព និងសោភ័ណភាពទីក្រុង ទីប្រជុំជន។ រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសការពង្រឹងសេវាប្រមូលសំរាម នៅតាមទីក្រុង និងទីប្រជុំជនឱ្យបានល្អ ជំរុញការអប់រំ និងផ្សព្វផ្សាការអនុវត្តវិធានការកាត់បន្ថយការបោះចោលសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ ដែលជាប្រភពបំពុលដល់បរិយាកាសផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា កិច្ចប្រជុំរៀបចំឡើងដើម្បីជំរុញការអនុវត្តវិធានការនានានៃសារាចរលេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការដុតនៅទីចំហ ភ្លើងឆេះវាលស្មៅ ភ្លើងឆេះព្រៃ ការដុតគល់ជញ្ជ្រាំង ជាពិសេសការដុតសំរាម និងសំណល់ប្លាស្ទិក និងសកម្មភាពបំពុលនានា នៅក្នុងមូលដ្ឋាន។

ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យរដ្ឋបាលខេត្ត និងក្រុងស្រុក ចាត់វិធានការទប់ស្កាត់ការឆេះ ការបំពុលផ្សែងដែលអាចបណ្តាលមកពីការដុតសំរាម សំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន និងបន្តចូលរួមសហការអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីទីក្រុង ទីប្រជុំជនស្អាត កម្ពុជាស្អាត ដែលជួយលើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងក្របខ័ណ្ឌជាតិ និងនៅលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមស្តង់ដារជាតិPM 2.5=25 µg/m3 សម្រាប់មធ្យមភាគប្រចាំឆ្នាំ និង 50 µg/m3 សម្រាប់មធ្យមភាគ២៤ម៉ោង។ ល។ ក្នុងព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញតាមរយៈឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៦០ នៅទូទាំងប្រទេសថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។ កន្លងមកប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះគុណភាពខ្យល់នៅកម្ពុជា ដោយសារមានការរកឃើញកំហាប់ភាគល្អិតនិចលមានការកើនឡើងលើសពី៥០ug/m3 ដោយសារពេលនៅរដូវប្រាំង ការបំពុលខ្យល់អាចកើតមានឡើង នៅតាមតំបន់មួយចំនួន ដែលមានស្មៅ ព្រៃស្ងួត ឬ តំបន់កសិកម្ម ដែលងាយរងការឆេះ៕

ដោយ៖ ដេប៉ូ





