ឯកឧត្តម នេត្រ ភក្រ្តា៖ អក្សរសិល្ប៍មានតួនាទីយ៉ាងសំខាន់ដែលផ្តល់ឱ្យអ្នកអាន អ្នកសិក្សានូវចំណេះដឹងស្តីពីជីវិត និងបញ្ហាសង្គមមនុស្សទាក់ទងនឹងទំនៀមទម្លាប់ ប្រពៃណី ភូមិសាស្ត្រ និងប្រវត្តិសាស្រ្ត
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាទីប្រឹក្សាកិត្តិយសសមាគមអ្នកនិពន្ធខ្មែរបានថ្លែងថា អក្សរសិល្ប៍មានតួនាទីយ៉ាងសំខាន់ដែលបានផ្តល់ឱ្យអ្នកអាន អ្នកសិក្សានូវចំណេះដឹងស្តីពីជីវិត និងបញ្ហាសង្គមមនុស្សដែលទាក់ទងនឹងទំនៀមទម្លាប់ ប្រពៃណី ភូមិសាស្ត្រ និងប្រវត្តិសាស្រ្តជាដើម ហើយអក្សរសិល្ប៍គឺជាសិល្បៈដើម្បីផ្លាស់ប្តូរបរិយាកាស ធ្វើឱ្យអ្នកអានបានជ្រួតជ្រាប ទទួលអារម្មណ៍រីករាយ សោកសង្រេងទៅតាមដំណើររឿងដែលអ្នកនិពន្ធបង្ហាញនូវភស្តុតាងជាក់ស្តែងក្នុងបរិយាកាសសង្គមនីមួយៗ។ ការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមវគ្គបណ្តុះបណ្តាលសមាគមអ្នកនិពន្ធខ្មែរ វគ្គ ៣៤ ៣៥ និង៣៦ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសាលចុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អក្សរសិល្ប៍ គឺជាកំណត់ហេតុ ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមមនុស្ស និងជាអតីតកាលរបស់សង្គមដែលមានភាពជាក់លាក់ រីឯកវីនិពន្ធ អ្នកនិពន្ធដែលជាអ្នកកាន់ប៉ាកកាកត់ត្រាស្នាដៃអក្សរសិល្ប៍ គឺជាសាក្សីរបស់សង្គមជានិច្ច។ ឯកឧត្ដមរដ្ឋមន្រ្ដីលើកឡើងថា សង្គមមួយរីកចម្រើន ឬអន់ថយក៏អាស្រ័យលើអក្សរសិល្ប៍ដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា អក្សរសិល្ប៍ដែលជាវណ្ណកម្មប្រវត្តិសាស្ត្របានបន្សល់ទុកមកដល់សព្វថ្ងៃ សុទ្ធតែបានផ្ទុកនូវចំណេះដឹងដ៏ជ្រាលជ្រៅស្តីពីបាតុភូតជាក់ស្តែងនៃជីវិត ហើយថែមទាំងឆ្លុះបញ្ចាំងនូវបាតុភូតទាំងឡាយដែលមាននៅក្នុងសង្គម ពិសេសទៅតាមក្រឹត្យក្រមនៃការរីកចម្រើនជាក់ស្ដែងរបស់សង្គមជាតិនីមួយៗ។ ឯកឧត្តមបានថ្លែងបញ្ជាក់ដែរថា អក្សរសាស្ត្រ អក្សរសិល្ប៍មានតួនាទីដ៏សំខាន់ក្នុងការអប់រំបញ្ជ្រាប និងបំផុសស្មារតីយុវជន មហាជន តាមរយៈស្នាដៃតែងនិពន្ធ ប្រលោមលោក និងកំណាព្យ ដែលបានបង្កប់នូវគំនិត និងទស្សនៈល្អៗ មានគុណប្រយោជន៍ក្នុងការលើកកម្ពស់ការអប់រំសីលធម៌ គុណធម៌ និងបណ្តុះគំនិត ក៏ដូចជាការកែប្រែឥរិយាបថមនុស្សជាតិ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមទៀតផង។ «ដូច្នេះយើងត្រូវការអ្នកនិពន្ធដែលមាន ចំណេះដឹង ជាមួយនឹងគំនិតច្នៃប្រឌិត ការបង្កើតថ្មីដើម្បីលើកស្ទួយគុណភាព និងប្រសិទ្ធភាព នៃស្នាដៃរបស់ខ្លួនក្នុងការបម្រើអារម្មណ៍អ្នកអានប្រកប ដោយភាពថ្លៃថ្នូរ។ សំខាន់ជាងនេះទៅទៀតអ្នកនិពន្ធ កវីនិពន្ធ ត្រូវឈ្វេងយល់ឱ្យបានស៊ីជម្រៅចំពោះអត្តសញ្ញាណជាតិ ដួងព្រលឹង ពណ៌សម្បុរដ៏ល្អផូរផង់របស់ជាតិ ដែលជាចំណេះដឹងគ្រប់វិស័យ មិនអាចខ្វះបានចំពោះអ្នកនិពន្ធ សៀវភៅល្អដែលអ្នកបានអាន គឺដោយសារអ្នកនិពន្ធពូកែ»។ នេះគឺជាការថ្លែងបញ្ជាក់បន្ថែមរបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាទីប្រឹក្សាកិត្តិយសសមាគមអ្នកនិពន្ធខ្មែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកនិពន្ធខ្មែរ អ្នកនិពន្ធ កវីនិពន្ធ រៀមច្បងទាំងអស់ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ចូលរួមបង្ហាត់បង្ហាញ ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួន ជូនសិក្ខាកាមគ្រប់វគ្គសិក្សាកន្លងមកដោយមិនខ្លាចការនឿយហត់។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរដល់អ្នក និពន្ធ កវីនិពន្ធរៀមច្បងទាំងអស់ សូមបន្តនូវវប្បធម៌ចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ជូនដល់អ្នកនិពន្ធ ជំនាន់ក្រោយទៀត ក្នុងនាមជាអ្នកថែរក្សា កេរដំណែល មរតក វប្បធម៌ សម្រាប់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានេះ ឯកឧត្តម ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជម្រាបជូនពីបេសកកម្មការងាររបស់សមាគមគឺ និពន្ធ ស្រាវជ្រាវ ចងក្រង ចែករំលែកស្នាដៃនិពន្ធ ចែករំលែកស្នាដៃនិពន្ធ បណ្តុះបណ្តាល ក៏ដូចជាការជំរុញវប្បធម៌តែងនិពន្ធជាន់ខ្ពស់ សម្រាប់អ្នកនិពន្ធជំនាន់ក្រោយប្រកបដោយគុណវុឌ្ឍិ ។ ឯកឧត្ដមបន្ដថា សមាគមលើកទឹកចិត្តចំពោះស្នាដៃនិពន្ធដែលមាន នវានុវត្តន៍ គុណតម្លៃ គុណភាព ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាព វប្បធម៌ សាសនា និងការយល់ដឹងពីអក្សរសាស្រ្ត និងអក្សរសីល សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ នៃវឌ្ឍនភាពរបស់សង្គម ប្រកបទៅដោយឆន្ទៈ មនសិការ និងកិត្យានុភាព នៃសុខដុមនីយកម្ម សន្តិភាពរបស់ប្រជាជាតិកម្ពុជា ។

សូមជម្រាបជូនថា សម្រាប់ការងារបណ្តុះបណ្តាល សមាគមអ្នកនិពន្ធខ្មែរ រហូតមកដល់ពេលនេះ មានសិក្ខាកាមចូលរួមបណ្ដុះបណ្ដាលបានចំនួនប្រមាណជាង ២ ៥០០ អង្គ/នាក់ ហើយសម្រាប់សិក្ខាកាមទាំង ៣ វគ្គ ដោយវគ្គ៣៤, ៣៥ និង៣៦ មានចំនួនប្រមាណ ១៦០ អង្គ/នាក់ ត្រូវទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សានាឱកាសនេះ ៕


ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





