អាជ្ញាធរជាតិព្រះវិហាររៀបចំបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទប្រាំ នៅរមណីយដ្ឋានប្រាសាទកោះកេរ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទប្រាំ ដើម្បីលើកតម្លៃប្រាសាទ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ។

កិច្ចការសំខាន់ៗក្នុងកិច្ចការអភិរក្ស និងជួសជុលនេះរួមមាន ទី១. ពង្រឹងតួប្រាង្គឥដ្ឋនៅប្រាង្គខាងត្បូង និងប្រាង្គកណ្តាល ដើម្បីទប់ស្កាត់ការរលុះធ្លាក់នៃដុំឥដ្ឋ ទី២. កំណាយស្តារដីចាក់បង្គរលើខឿន និងទីធ្លាប្រាសាទ ដើម្បីសម្រួលដំណើរទស្សនារបស់ភ្ញៀវទេសចរ និងទី៣. អភិរក្សសំណង់ស្ថាបត្យកម្មខ្មែរបុរាណសម្រាប់អ្នកជំនាន់ក្រោយ។

គម្រោងការដ្ឋានអភិរក្ស និងជួសជុលនេះ បានទទួលការគាំទ្រពីថវិកាជាតិដើម្បីលើកកម្ពស់ និងថែទាំប្រាង្គប្រាសាទខ្មែរក្នុងរមណីយដ្ឋានប្រាសាទកោះកេរ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





