ជំនួបរវាងឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា ជាមួយយោធាចារ្យបារាំងទទួលបន្ទុកផ្នែកការគ្រប់គ្រងឃ្លាំងគ្រាប់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ទោ កាដាំង ប៉ាទ្រីស យោធាចារ្យបារាំងទទួលបន្ទុកផ្នែកការគ្រប់គ្រងឃ្លាំងគ្រាប់ ដោយកិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើការបន្តបង្រៀនដល់យោធាកម្ពុជាអំពីការងារថែទាំឃ្លាំងគ្រាប់។

ក្នុងជំនួបនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងអំណេរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីបារាំងដែលតែងបានជួយដល់កងទ័ពកម្ពុជាតាមរយៈការផ្តល់ជំនួយជាសម្ភារបច្ចេកទេស ព្រមទាំងការបណ្តុះបណ្តាលនានា ក្នុងនោះបើគិតចាប់ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្នបារាំងបានជួយហ្វឹកហ្វឺនក្នុងប្រទេស ដល់កងកម្លាំងកម្ពុជាសរុបចំនួន៧៥វគ្គ មានសិក្ខាកាមចំនួន១៨៤០នាក់ ហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា វគ្គGPS បំប៉នផ្នែក Computer សង្គ្រោះបឋម អាវុធហត្ថ ដឹកជញ្ជូនថែទាំគ្រឿងផ្ទុះ បច្ចេកទេសសព្វាវុធប្រកបដោយសុវត្ថិភាព និងវគ្គបំប៉នផ្នែកភាសាបារាំង។ល។

ចំពោះសម្ភារ និងឧបករណ៍ហ្វឹកហ្វឺន បារាំងបានបំពាក់សម្ភារហ្វឹកហ្វឺនសម្រាប់បន្ទប់ប្រតិបត្តិការនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ (PKO) ព្រមទាំងអគារការិយាល័យ និងថ្នាក់រៀននៅវិទ្យាស្ថានឧត្តុង្គ ជាពិសេសបានផ្តល់វគ្គបណ្តុះបណ្តាលភាសាបារាំងលើកទី១ដល់សិក្ខាកាមនារី។ ជាមួយគ្នានេះភាគីបារាំងបានផ្តួចផ្តើមវគ្គហ្វឹកហ្វឺនផ្នែកកំទេចគ្រឿងផ្ទុះថ្នាក់អាស៊ាន និងតំបន់ ដែលរៀបចំឡើងប្រចាំឆ្នាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដោយឡែក វគ្គហ្វឹកហ្វឺនក្រៅប្រទេសពីឆ្នាំ២០០៩ មកដល់បច្ចុប្បន្នសរុបចំនួន១០វគ្គមានសិក្ខាកាមចំនួន១០នាក់ រួមមានវគ្គហ្វឹកហ្វឺនលើមុខជំនាញ នាយទាហានសេនាធិការ វគ្គនាយទាហានជាន់ខ្ពស់ និងវគ្គបំប៉នបន្ថែមផ្នែកភាសាបារាំង។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា ក៏បានជម្រាបជូនលោកវរសេនីយ៍ទោ កាដាំង ប៉ាទ្រីស យោធាចារ្យបារាំងផងដែរអំពីការចូលរួមរបស់កងកម្លាំងកម្ពុជាក្នុងបេសកកម្មនៅក្រៅប្រទេសចាប់ពីឆ្នាំ២០០៦មកដល់បច្ចុប្បន្នថាមានចំនួន៩៨២៤នាក់ (នារី៨៥៧នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ លើជំនាញ បោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍ ហើយបច្ចុប្បន្នមានចំនួន៦២៧នាក់ (នារី ១៣០នាក់) កំពុងបំពេញបេសកកម្មនៅ៥ប្រទេស។

ឯកឧត្តមបានសំណូមពរដល់ភាគីបារាំងឱ្យបន្តបញ្ជូនយោធាចារ្យមកហ្វឹកហ្វឺនប្រចាំឆ្នាំលើជំនាញអាវុធហត្ថ និងភាសាបារាំងរយៈពេលមធ្យម និងវែងក្នុងព្រះរាជាណាចក្រកម្ពុជា បន្តគាំទ្រដល់វគ្គហ្វឹកហ្វឺនកម្ទេចគ្រឿងផ្ទុះថ្នាក់អាស៊ាន និងតំបន់ បន្តបំពាក់ឧបករណ៍សម្ភារសម្រាប់អគារសិក្សា ការិយាល័យ និង អគារប្រតិបត្តិការ បន្តបញ្ជូននាយទាហានទៅហ្វឹកហ្វឺនបន្ថែមផ្នែកនាយទាហានសេនាធិការ និងភាសាបារាំងបន្តសហការ និងរៀបចំសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ឱ្យក្លាយជាសាលាគំរូថ្នាក់តំបន់ រៀបចំវគ្គហ្វឹកហ្វឺនស្តីពីការដោះ និងកម្ទេចគ្រាប់ដែលប្រើប្រាស់នៅប្រទេសលីបង់ និងអ៊ុយក្រែន ផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំលើវិស័យរក្សាសន្តិភាពរវាងប្រទេសទាំងពីរ និងពិចារណាលើគម្រោងហ្វឹកហ្វឺនត្រីភាគីផ្នែករក្សាសន្តិភាព (កម្ពុជា បារាំង និងអង្គការសហប្រជាជាតិ) ជាដើម។
ជាការឆ្លើយតប លោកវរសេនីយ៍ទោ កាដាំង ប៉ាទ្រីស យោធាចារ្យបារាំងទទួលបន្ទុកផ្នែកគ្រប់គ្រងឃ្លាំងគ្រាប់ បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ហើយចំពោះរាល់សំណូមពររបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា នាពេលនេះលោកនឹងយកទៅដាក់ជូនថ្នាក់លើ ដើម្បីពិនិត្យ និងសម្រេច៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព)





