កីឡាករ-កីឡាការិនីចំនួន៥០០នាក់ចូលរួមរត់ប្រណាំង អបអរសាទរក្នុងព្រឹត្តការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម
AKP ព្រះសីហនុ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥-- មន្ទីរទេសចរណ៍ខេត្តព្រះសីហនុសហការជាមួយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម នៅទីលានសម្ដេចតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីជាតិអន្តរជាតិចំនួន៥០០នាក់ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរទេសចរណ៍បានសហការជាមួយក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម នៅទីលានសម្ដេចតេជោ (ពយតាមូង) រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងរៀបចំព្រឹត្តិការណ៍ យើងក៏ត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសសេវាកម្មដឹកជញ្ជូន ពិសេសផលិតផលសេវាកម្មទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបន្តថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍លើកនេះមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកស្នាក់នៅបានយូរក្នុងខេត្តព្រះសីហនុ។ មន្ទីរទេសចរណ៍ជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ហើយមន្ទីរបានរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដោយមានកម្មវិធីខុសគ្នាសម្រាប់ឆ្នាំនេះ ផ្តោតលើវប្បធម៌ដែលមានសកម្មភាពមួយចំនួន ដូចជា ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ ការប្រគុំមន្ត្រី កីឡាប្រដាល់ រត់ប្រណាំងជាលក្ខណៈមិត្តភាពចម្ងាយ៥គីឡូម៉ែត្រ ដែលមានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិចូលរួម៥០០នាក់ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាព និងមិត្តភាព”។ ព្រឹត្តិការណ៍នេះមានការថតរូបផ្សព្វផ្សាយទេសចរណ៍ខេត្តព្រះសីហនុ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយឆ្នាំ២០២៤ យើងបានរៀបចំព្រឹត្តការណ៍ពិព័រណ៍ទេសចរណ៍ ផ្តោតសំខាន់លើម្ហូបអាហារ។

លោកប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៥ មានលក្ខណៈល្អជាង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយសម្រាប់ឆ្នាំនេះយើងមានព្រឹត្តិការណ៍ច្រើនជាងឆ្នាំកន្លងមក។ ម្យ៉ាងទៀតឆ្នាំ២០២៥ យើងផ្តោតទៅលើពិព័រណ៍ទេសចរណ៍វប្បធម៌ ក្នុងគោលបំណងសំខាន់ទាក់ទាញទេសចរ ក្រៅពីនោះយើងផ្សព្វផ្សាយផលិតផលវប្បធម៌របស់កម្ពុជា។ ការរៀបចំកម្មវិធីព្រឹត្តិការណ៍រត់ប្រណាំងមិត្តភាព ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មនាពេលនេះ ទទួលបានការគាំទ្រពីឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ ពិសេសទៀតនោះការគាំទ្រពីអាជ្ញាធរក្រុង កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ឆ្នាំ២០២៥ មានស្តង់ចូលរួមចំនួន២២៥ស្តង់ ក្នុងនោះស្តង់ផលិតផលទេសចរណ៍មានប្រមាណជា៧០ស្តង់ផងដែរ៕

ដោយ ងូ សុមុនី





