អាជ្ញាធរខេត្តកណ្ដាលចុះបូមទឹកជួយសង្គ្រោះស្រែប្រាំង១៧២ហិកតារបស់ប្រជាពលរដ្ឋ នៅឃុំដើមឫស ស្រុកកណ្ដាលស្ទឹង
AKP កណ្តាល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥-- អាជ្ញាធរខេត្តកណ្តាលដែលដឹកនាំដោយលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានចុះពិនិត្យការងារបូមទឹក ដើម្បីជួយសង្គ្រោះការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន១៧២ហិកតា នៅភូមិស្លែងគង់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ដែលកំពុងខ្វះទឹកធ្វើស្រែប្រាំង។

លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានណែនាំឱ្យមន្ទីរធនធានទឹក ត្រូវពិនិត្យ សិក្សារកប្រភពទឹកដើម្បីបូមដាក់បង្ហូរតាមប្រឡាយ ជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកធ្វើស្រែប្រាំង ដោយជាក់ស្ដែងមន្ទីរបានធ្វើការបូមទឹក ពីស្ទឹងតូច ដាក់បង្ហូរចូលតាមប្រឡាយរបស់បងប្អូនដែលរស់នៅពឹងផ្អែកលើការធ្វើស្រែចម្ការ។ អាជ្ញាធរស្រុក ឃុំ ត្រូវការបែងចែកកម្លាំងប្រចាំការ ក្នុងការថែទាំមើលការខុសត្រូវក្នុងការបញ្ចះម៉ាស៊ីនបូមទឹក សំដៅធ្វើយ៉ាងណាឱ្យការបូមទឹកជួយសង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យធ្វើការដាំដុះស្រូវប្រាំងទៅតាមបរិមាណទឹកដែលមានជាក់ស្តែង ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលធ្វើឱ្យមានការខាតបង់។

លោកអភិបាលរងខេត្តក៏បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាប្រឈមក្នុងការធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋ ត្រូវចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍បន្ថែមទៀត ត្រូវខិតខំបូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក មិនត្រូវបណ្ដែតបណ្ដោយទុកឱ្យស្រែចម្ការរបស់ប្រជាកសិករខូចខាត ដោយសារតែយើងមិនបានជួយពួកគាត់ឱ្យអស់លទ្ធភាពនោះឡើយ៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





