ប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ក្នុងឃុំសាមគ្គី ទទួលបានស័ង្កសី សម្រាប់ជួសជុលផ្ទះឡើងវិញ
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥-- លោក នេន ចំរើន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំសាមគ្គី និងក្រុមការងារគណបក្សប្រជាជនឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំយកស័ង្កសីចំនួន ២ ៣៩៧សន្លឹក ដើម្បីធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ជាលើកទី២ ស្ថិតនៅឃុំសាមគ្កី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។

លោក នេន ចំរើន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃនប់ បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១១ និង១២ ខែមករា ឆ្នាំ២០២៥កន្លងមកនេះ ព្រមទាំងបានចូលរួមការសោកស្តាយ និងលំបាកខ្វះខាតរបស់បងប្អុនប្រជាពលរដ្ឋរងគ្រោះនៅក្នុងឃុំសាមគ្គី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំង៦ នៃស្រុកព្រៃនប់ផងដែរ។ ថ្វីត្បិតតែអំណោយស័ង្កសីយកមកនាពេលនេះ មានការយឺតយ៉ាងបន្តិច ក៏ប៉ុន្តែវាល្អជាងមិនបានយកមកជួយបងប្អូននោះដែរ ដើម្បីឱ្យបងប្អូនយកទៅធ្វើការប្រកដំបូលផ្ទះឡើងវិញ ហើយក្រុមការងារក៏បានធ្វើការចែកស័ង្កសីបន្ទាន់ម្តងរួចមកហើយ។ សកម្មភាពចែកស័ង្កសីនាពេលនេះ គឺជាលើកទី២ សម្រាប់បងប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់។

ក្នុងឱកាសនោះលោកប្រធានក្រុមការងារក៏បានធ្វើការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាអនាម័យ សុខភាពកូនចៅរបស់ខ្លួនឱ្យបានល្អ ពិសេសថែមទៀតនោះត្រូវខិតខំដាំដំណាំរួមផ្សំនៅជិតផ្ទះរបស់បងប្អូន ដើម្បីបង្កើនសកម្មភាពការដាំដុះ និងបង្កើនជីវភាពគ្រួសារកាន់តែប្រសើរឡើង។


លោក នេន ចំរើន បានបញ្ជាក់ថា ចំពោះគ្រួសារដែលរងគ្រោះបើងដំបូលស័ង្កសីក្នុងមួយគ្រួសារអស់ប៉ុន្មានសន្លឹក ក្រុមការងារក៏បានធ្វើការបែងចែកស័ង្កសីទៅដល់គ្រួសាររងគ្រោះទៅតាមស្ថានភាពជាក់ស្តែង ខូចស័ង្កសីប៉ុន្មានសន្លឹក យើងនឹងធ្វើការចែកជូនចំនួនដែលបានខូចខាត ដើម្បីឱ្យបងប្អូនយកទៅជួសជុលផ្ទះឡើងវិញទៅតាមតម្រូវការជាក់ស្តែង។
សូមបញ្ជាក់ថា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ពីរដង ក្នុងនោះកាលពីខែវិច្ឆិកា ២០២៤ អស់ជិត ៥០០គ្រួសារ និងថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៥ បណ្តាលឱ្យផ្ទះចំនួន៣ខ្នងរលំទាំងស្រុង និងរបើកដំបូលចំនួន១ ៣៥១ខ្នង សរុប ចំនួន ១ ៣៥៤ខ្នងផ្ទះ៕
ដោយ ងូ សុមុនី





