មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ស្នើអាជីវករលក់ជី និងថ្នាំកសិកម្មខេត្តបន្ទាយមានជ័យ បន្តចែកចាយតែផលិតផលដែលស្របច្បាប់
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តបន្ទាយមានជ័យ សូមបន្តចែកចាយតែផលិតផលដែលស្របច្បាប់ និងមានការត្រួតពិនិត្យគុណភាព និងការចុះបញ្ជីការត្រឹមត្រូវដោយក្រសួង ព្រមទាំងស្នើឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យបន្តកិច្ចសហការទប់ស្កាត់ចរាចរណ៍ផលិតផលខុសច្បាប់ និងចាត់វិធានការលើការលក់ផលិតផលខុសច្បាប់ តាមបណ្តាញសង្គម។
ការជំរុញបែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋលេខាធិការបានអញ្ជើញដឹកនាំក្រុមការងារក្រសួង ដោយមានការចូលរួមពីអភិបាលរងខេត្តបន្ទាយមានជ័យ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្ម និងមន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ជិត២០០នាក់នៅខេត្តបន្ទាយមានជ័យ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម គូសបញ្ជាក់ថា ក្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ តាមរយៈការផ្តល់បច្ចេកទេស និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម ឯកឧត្តមបានស្នើឱ្យអាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ដើម្បីជួយដល់កសិករ និងចៀសវាងផ្សព្វផ្សាយព័ត៌មានដែលបង្កចលាចល និងអសន្តិសុខសង្គម ដែលផ្តល់ផលអវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល។


ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសមិទ្ធផលថ្មីៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅ ក្នុងការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល រួមមានការជួយរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងបានជម្រាបជូនអាជីវករ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការចុះដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករជាបន្តបន្ទាប់ផងដែរ។

អាជីវករដែលបានចូលរួមនៅក្នុងជំនួបសំណេះសំណាលនោះ បានបង្ហាញពីក្តីរីករាយ ដោយសារបានទទួលព័ត៌មាន និងចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងវិស័យកសិកម្ម ហើយប្តេជ្ញាចូលរួមគាំទ្រ និងជួយផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព័ត៌មានវិជ្ជមាននានា ក្នុងវិស័យកសិកម្ម ដើម្បីជាប្រយោជន៍កសិករ និងចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
ដោយ ឈុន សារ៉ាត





