គណបក្សប្រជាជនកម្ពុជា ប្រារព្ធសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥-គណបក្សប្រជាជនកម្ពុជា បានរៀបចំប្រារព្ធសន្និបាតគណៈកម្មាធិ ការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់ខ្លួន នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអនុប្រធានគណបក្ស និងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិការដ្ឋសភាព្រឹទ្ធសភាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន រាជធានី ខេត្តក្រុង ស្រុក ថ្នាក់ដឹកនាំចុះមូលដ្ឋាន ថ្នាក់ដឹកនាំអង្គការមហាជនបក្ស គណៈចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាច្រើនរូប។


ថ្លែងបើកសន្និបាត សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបន្តវេនរបស់កម្ពុជាគឺបាន ១៧ខែ មកហើយ ដែលពិនិត្យជារួមទោះបីសភាពការណ៍សកលលោកបាននឹងកំពុងវិវត្តន៍ប្រែប្រួលដោយមិនប្រាកដប្រជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចសមិទ្ធផលជាបន្តបន្ទាប់នៅគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨ ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី២៨-២៩ ខែមករា ២០២៣។ សម្ដេពញាចក្រីបានលើកឡើងថា លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តន៍ដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន ហើយដែលនៅឆ្នាំដំបូងឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យអធិបតេយ្យ និងបូរណភាពដែនដី រក្សាបានល្អប្រសើរសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV-DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបីកម្ពុជា-វៀតណាម-ឡាវ បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមដល់ព្រំដែន និងបានធ្វើឱ្យបរាជ័យរាល់ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម។ លើសពីនេះ ទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនៅការងារទំនាក់ទំនងបរទេសការងារការទូត និងដៃគូអភិវឌ្ឍន៍ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាបប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។អង្គសន្និបាតក៏បានសម្ដែងនូវការអបអរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយឥតឧបមាចំពោះសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានទទួលពានរង្វាន់មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ និងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោកពីមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ ។


ជាមួយគ្នានេះ អង្គសន្និបាតក៏បានអបអរសាទរប្រកបដោយមោទនភាពជាតិខ្ពស់បំផុត ដែលនៅក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថ្ងៃទី១៩ ធ្នូ ២០២៤ ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិ ការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់ណត្តិ២០២៥-២០២៦ និងបានអនុម័តសេចក្ដីសម្រេច ( A/79/L.49 ) សម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៩ នាពេលខាងមុខ។ ជាមួយគ្នានេះ តថភាពខាងលើនេះត្រូវបានបញ្ជាក់ថែមទៀតដោយការប្រារព្ធខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជាថ្ងៃទី ២៩ ធ្នូ ព្រឹត្តិការណ៍សាទរកម្ពុជា ពេលឆ្លងឆ្នាំសកល ២០២៤-២០២៥ និងខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា។ អង្គសន្និបាតក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះជនរួមជាតិនៅគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមគ្រប់មធ្យោបាយក្នុងការជួយកសាងការពារប្រទេសឱ្យមានការរីកចម្រើន ជាលំដាប់។ ព្រមជាមួយនេះ អង្គសន្និបាតក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស ក្រុមការងារគណបក្សចុះមូលដ្ឋាន និងអង្គការមហាជនគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែកមន្ត្រី និងសមាជិក សមាជិកាគណបក្សទាំងអស់ដែលបានខិតខំប្រឹងប្រែង ធ្វើឱ្យសម្រេចនូវរាល់ភារកិច្ចដែលគណបក្សរដ្ឋ និងប្រជាជនប្រគល់ជូន និងថ្លែងអំណរគុណដល់ស្មោះស្ម័គ្របំផុតចំពោះមិត្តភក្តិបរទេសជិតឆ្ងាយដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការជាតិអន្តរជាតិនានាដែលបានរួមចំណែកយ៉ាងធំធេង ចំពោះបុព្វហេតុជាតិនិងប្រជាជនកម្ពុជា។ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការប្រារព្ធពិធីសន្និបាតលើកនេះ នឹងរួមគ្នាពិនិត្យនៅរាល់ចំណុចជាគុណសម្បត្តិ គុណវិបត្តិ ចំណុចវិជ្ជមាន អវិជ្ជមាន ខ្លាំង ខ្សោយ បញ្ហាប្រឈម ចាស់ថ្មី ។ល។ ដើម្បីលើកមូលដ្ឋាននេះស្រង់បានមេរៀនបទពិសោធន៍សម្រាប់ជាទិសដៅនៃការអនុវត្តបន្តទៅទៀត ។

គួរបញ្ជាក់ដែរថា សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ( ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤) ដែលមានអ្នកចូលរួមសរុប មានចំនួនសរុប ៣៥៥៥រូប ដើម្បីធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗ រួមមាន ១. ពិនិត្យឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ២០២៥។ ២. បោះឆ្នោតជ្រើស តាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលមួយចំនួន៕
ដោយ៖ ជឹម ណារី





