ពិធីបិទផ្សាយឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន៩ភូមិ ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល
AKP កណ្ដាល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អំពាវនាវដល់បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយ ដែលមានក្បាលដីស្ថិតនៅភូមិចំនួន៩ ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល សូមអញ្ជើញមកផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយ ហើយក្នុងករណីមានការខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី បងប្អូនអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ ដើម្បីធ្វើការកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំណត់។

ការអំពាវនាវរបស់អភិបាលខេត្តនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន០៩ភូមិ គឺភូមិទួលលៀប ភូមិសល់ដី ភូមិត្រើយបឹង ភូមិប្របវត្ដ ភូមិទន្លាប់ ភូមិចំការស្លែង ភូមិចំបក់ទន្សាយ ភូមិក្រាំងលាវ និងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានចំនួន ៦ ៦៨៤ក្បាលដី ដោយមានការចូលរួមពីឯកឧត្ដម មាន ច័ន្ទវន្នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅបរិវេណវត្តគោករវាងមានជ័យសិរីតេជៈ។

ការបិទផ្សាយជាសាធារណៈនេះដើម្បីធានាបាននូវទិន្នន័យឱ្យមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសឱ្យលោកតា លោកយាយ មា មីង បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី។ ហើយការជំទាស់តវ៉ាអាចធ្វើបានរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក្នុងរយៈពេល១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗតាមការព្រមព្រៀង។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបន្ថែមទៀតថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះគឺសំដៅបំពេញនីតិវិធីឈានដល់ការចេញបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម គោលនយោបាយ និងយុទ្ធសាស្ត្រនានាដើម្បី អភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ជនបទ សំដៅបង្កើតឱកាសឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលប្រចាំគ្រួសារ។ ដូច្នេះ ការបិទផ្សាយនៅពេលនេះគឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កើន ផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឱ្យកាន់តែកើនឡើងថែមទៀត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





