សាធារណជនអាចចូលរួមដោយសេរីក្នុងកម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយស្ដីពី “សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១”
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥-- ដើម្បីអបអរសាទរ និងលើកកម្ពស់ការផ្សព្វផ្សាយកម្មវិធី “សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១” ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូដោយបើកឱ្យសាធារណជនអាចចូលរួមដោយសេរី ដោយលោកអ្នកគ្រាន់តែផលិតវីដេអូដែលមានខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីកម្មវិធីនេះបង្ហោះនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួន ហើយទម្លាក់តំណភ្ជាប់ក្នុង Event Facebook “សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១” តាមរយៈតំណភ្ជាប់៖ https://link.moeys.gov.kh/edtech2025។
ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា វីដេអូដែលទទួលបានចំនួនអ្នកទស្សនា (View) ច្រើនជាងគេសម្រាប់ការប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយស្ដីពី “សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១” នឹងក្លាយជាជ័យលាភី ដោយទទួលបានប្រាក់រង្វាន់៖ ជ័យលាភីលេខ១ ទឹកប្រាក់ចំនួន១២០០០០០រៀល លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ជ័យលាភីលេខ២ទឹកប្រាក់ចំនួន៨០០០០០រៀល លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ និងជ័យលាភីលេខ៣ ទឹកប្រាក់ចំនួន៥០០០០០រៀល លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលវីដេអូជ័យលាភីទាំង៣នឹងត្រូវបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។

ចំពោះលក្ខខណ្ឌប្រកួតរួមមានសម្រាប់មាតិកាដែលមិនបានបោះតំណភ្ជាប់លើ event ខាងលើ មិនរាប់បញ្ចូលក្នុងប្រកួតឡើយ វីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កផលប៉ះពាល់ដល់អ្នកណាម្នាក់ ឬអ្វីមួយមិនបញ្ចូលក្នុងការប្រកួតឡើយ វីដេអូត្រូវមានខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីកម្មវិធីខាងលើ វីដេអូត្រូវផលិតដោយខ្លួនឯង មិនចម្លង ឬប្រើប្រាស់វីដេអូរបស់អ្នកដទៃ វីដេអូត្រូវមានរយៈពេលមិនលើសពី១នាទី បើកទទួលសម្រាប់សាធារណជនទូទៅ វីដេអូដែលបានបង្ហោះត្រូវ Tag ឱ្យទំព័រហ្វេសប៊ុក MoEYS Cambodia វីដេអូដែលបង្ហោះត្រូវដាក់ Hashtag: #សននិសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា #EdTech#CambodiaEdTechSummit#EdTechCambodia #MoEYS។ ផុតកំណត់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




