ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវ០១ខ្សែ ក្នុងខេត្តកណ្ដាល
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទ០១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវ០១ខ្សែ ក្នុងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។


ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋាននោះ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានអញ្ជើញជួបសំណេះសំណាល និងសូមការយោគយល់អំពីប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ ក្នុងអំឡុងពេលនៃការស្ថាបនា នាពេលនេះអាចបង្កផលលំបាកបន្តិចបន្តួចក្នុងការធ្វើដំណើរ ក៏ដូចជាប្រកបរបរប្រចាំថ្ងៃ ក៏ប៉ុន្តែនៅពេលផ្លូវនេះស្ថាបនារួចរាល់ និងអាចផ្តល់ជាអត្ថប្រយោជន៍ជាច្រើនក្នុងការចូលរួមលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់នោះផងដែរ។


សូមជម្រាបជូនថា ខ្សែផ្លូវទី១មានប្រវែង១,៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិពាមប្រជុំ ទៅដល់ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងឱកាសពិនិត្យស្ថានភាពផ្លូវនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ខេត្ត ពិនិត្យលទ្ធភាពដាក់ខ្សែផ្លូវនេះទៅក្នុងផែនការរបស់មន្ទីរដើម្បីស្ថាបនានាពេលខាងមុខ។ ខ្សែផ្លូវទី២ មានប្រវែង១៩,៥គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន៣ឃុំ គឺឃុំព្រែគយ ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ។ នៅចុងឆ្នាំ២០២៣កន្លងមកនេះ ក្រសួងបានស្ថាបនាជាផ្លូវក្រាលកៅស៊ូ២ជាន់បានចំនួន៧,៧គីឡូម៉ែត្ររួចរាល់ ហើយក្នុងឆ្នាំ២០២៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង១,៤គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ដែលមានវឌ្ឍនភាពទើបតែសម្រេចបាន៥%។ ដោយឡែកកំណាត់ផ្លូវដែលនៅសល់ប្រវែង៤,០៤គីឡូម៉ែត្រ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដាក់ចូលទៅក្នុងផែនការស្ថាបនានាឆ្នាំបន្ទាប់៕

ដោយ ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





