អាជ្ញាធរជាតិព្រះវិហាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥-- អាជ្ញាធរជាតិព្រះវិហារបានបើកសន្និបាតប្រចាំឆ្នាំដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក សុខ សាន្តតារ៉ា អភិបាលរងអភិបាលខេត្តព្រះវិហារ ព្រមទាំង ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង តំណាងកងពលធំអន្តរាគមន៍លេខ៣ បញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ កងពលតូចអន្តរាគមន៍លេខ៧ លេខ៨ ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានចំណុះអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក និងអង្គភាពកងកម្លាំងពាក់ព័ន្ធ ក្នុងតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ប្រមាណ១៧០រូប។

ក្នុងឱកាសនោះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានរាយការណ៍អំពីលទ្ធផលការងារ ឆ្នាំ២០២៤ និងបញ្ហាប្រឈម របស់អាជ្ញាធរជាតិព្រះវិហារ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥នេះ យ៉ាងក្បោះក្បាយ ជូនអង្គសន្និបាត និងស្នេីដល់មន្ទីរជំនាញជុំវិញខេត្តព្រះវិហារ និងបណ្តាមូលដ្ឋានភូមិឃុំស្រុកពាក់ព័ន្ធ ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ សហការបន្ថែមទៀតជាមួយអាជ្ញាធរជាតិព្រះវិហារ ដេីម្បីឈានទៅសម្រេចបានគោលដៅអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទទាំងពីរ ប្រកបដោយជោគជ័យនិងស្មារតីទទួលខុសត្រូវរួមគ្នា។


ជាមួយគ្នានេះដែរ ឯកឧត្តម ហាប់ ទូច បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងការប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈរបស់អាជ្ញាធរជាតិព្រះវិហារក្នុងឆ្នាំ២០២៤នេះ សម្រាប់ការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារនិងកោះកេរ ទទួលបានលទ្ធផលគួរជាទីមោទនៈ។ឯកឧត្តម ក៏បានជម្រុញឱ្យអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ និងគិតគូរបន្ថែមទៀតសម្រាប់ភារកិច្ចស្នូលរបស់ខ្លួន ឲ្យស្របតាមបទដ្ឋានបច្ចេកទេសអភិរក្ស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ឲ្យអនុវត្ត កន្លងមក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងអង្គសន្និបាតនេះដែរ ក៏បានផ្តល់ឱកាសដល់នាយកដ្ឋានទាំងប្រាំពីររបស់អាជ្ញាធរជាតិព្រះវិហារ និងបណ្តាអង្គភាពពាក់ព័ន្ធនានាចូលរួមជាកិច្ចពិភាក្សា និងលេីកពីបញ្ហាប្រឈម ដេីម្បីឈានទៅរកដំណោះស្រាយ ធ្វេីយ៉ាងណាឱ្យការអនុវត្តការងាររបស់អាជ្ញាធរជាតិព្រះវិហារប្រកបដោយរលូន និងជោគជ័យតាមការគ្រោងទុក។ ឯកឧត្តមគណៈអធិបតី ក៏បានផ្តល់កិត្តិយសបំពាក់មេដាយប្រាក់ការងារ មេដាយសំរិទ្ធការងារជូនដល់មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន១៧៨រូប ដែលមានស្នាដៃក្នុងការចូលរួមបេសកម្មអភិរក្ស និងអភិវឌ្ឍក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរកន្លងមក៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





