ច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មានគោលបំណង ការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយបានពិភាក្សាឆ្លង និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។


សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី្រ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មានចំនួន ៤ជំពូក និង ១៥មាត្រា ត្រូវបានផ្តួចផ្តើមរៀបចំ និងតាក់តែងដោយ ក្រសួងយុត្តិធម៌ នៅក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ដោយវត្ថុចាប់យកនៅក្នុងដំណាក់កាលនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌ មិនទាន់ក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឡើយ សេចក្តីព្រាងច្បាប់នេះ បានកំណត់យកស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក នៅតាមដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ។ ផ្អែកតាមសេចក្តីព្រាងច្បាប់នេះ ជាគោលការណ៍ ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកត្រូវធ្វើឡើងក្នុងទម្រង់ជាការលក់ឡាយឡុង។ ប៉ុន្តែ ក្នុងករណីចាំបាច់ ការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យកអាចធ្វើក្នុងទម្រង់ណាមួយផ្សេងទៀតក្រៅពីការលក់ឡាយឡុង ដែលនឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ទន្ទឹមនេះ ប្រាក់ដែលទទួលបានពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក អាចត្រូវប្រគល់ឱ្យម្ចាស់ដើមវិញ ឬត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ប្រាក់ទាំងនេះត្រូវរក្សាទុកក្នុងគណនីរបស់ក្រសួងយុត្តិធម៌នៅធនាគារណាមួយ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានរៀបចំឡើងដើម្បីឱ្យស្របតាមបរិបទនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាដែលតុលាការព្រហ្មទណ្ឌអាចប្រើប្រាស់មធ្យោបាយឌីជីថលនានា ជំនួសការរក្សាទុកវត្ថុចាប់យកជារូបវ័ន្ត ជាអាទិ៍ ការថតរូបវត្ថុចាប់យក ដើម្បីទុកជាភស្តុតាងសម្រាប់បម្រើឱ្យចំណាត់ការរបស់តុលាការតាមនីតិវិធីជាធរមាន។


ជាមួយគ្នានេះ ការបង្កើតឱ្យមានច្បាប់នេះ ក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវដោយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Group - APG) នៃក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force - FATF) ក្នុងការវាយតម្លៃអំពីការគ្រប់គ្រង ការថែរក្សា និងការចាត់ចែងវត្ថុចាប់យកដែលត្រូវបានឃាត់ទុក ឬបង្កកទុក ឬសម្រេចរឹបអូសដោយតុលាការពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





