សម្តេចធិបតី៖ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត ពោលគឺមានចំនួនប្រមាណ ៦,៧លាននាក់។


សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពសរបស់សម្តេចធិបតី នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសម្តេចធិបតី ចាត់ទុកថាវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។


សូមជម្រាបជូនថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកនេះ បានពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣៖
១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។
២-សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។
៣-របាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





