យុវជនគ្រួសារក្រីក្រ និងងាយរងហានិភ័យជាង១ពាន់នាក់ នៅខេត្តកោះកុង បញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស
AKP កោះកុង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាង១ពាន់នាក់ ដែលរស់នៅក្នុងខេត្តកោះកុង បានបញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស ដោយអ្នកខ្លះកំពុងបន្តការរៀនបន្ថែម និងខ្លះទៀតមានការងារធ្វើយ៉ាងល្អប្រសើរ។ យុវជនដែលមានជីវភាពក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណ១ពាន់នាក់ ស្រី៣០៨នាក់ បានទទួលចំណេះដឹងជំនាញពិតប្រាកដតាមតម្រូវការទីផ្សារការងារ មុខរបរ និងមានប្រាក់ចំណូលល្អប្រសើរជាងមុន ស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣ និងប្រគល់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈដល់សិស្ស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស ព្រះនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុងបានថ្លែងថា យុវជនគោលដៅ២២២ ដែលជាសិក្ខាកាម បានជម្នះនូវរាល់ឧបសគ្គទាំងឡាយ និងចូលរៀនដោយមិនបង់ថ្លៃ ហើយទទួលប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស បានលើកឡើងថា យុវជនភាគច្រើនទទួលបានការងារទៅតាមជំនាញ រៀងៗខ្លួន ហើយចំពោះអ្នកមិនទាន់មានការងារក៏បន្តសិក្សាបន្ថែមតាមកម្រិតរបស់ពួកគេ ដើម្បីពង្រឹងចំណេះដឹង និងចាប់យកឱកាសការងារខ្ពស់ជាងនេះ។

ទន្ទឹមនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានទំនាក់ទំនងមន្ទីរការងារ តំបន់សេដ្ឋកិច្ចពិសេសខេត្ត និងវិស័យឯកជនផ្សេងៗ ក្នុងគោលបំណងផ្តល់ការងារធ្វើជូនយុវជនដែលរៀនចប់ ចេះ ហើយមានការងារ។ ជាមួយគ្នានេះ សម្រាប់យុវជន និងយុវនារីដែលបញ្ចប់វគ្គសិក្សាផ្នែកអគ្គិសនី សំណង់ និងសម្អាងការ បានឱ្យដឹង ថា ទំរាំពួកគេឈានដល់បញ្ចប់វគ្គជំនាញបច្ចេកទេស បានលះបង់ខ្ពស់ដើម្បីទទួលចំណេះជំនាញពិតប្រាកដពីលោកគ្រូអ្នកគ្រូ។ បច្ចុប្បន្នពួកគេមានការងារនៅវិស័យឯកជន និងមានចំណូលសមរម្យ ដើម្បីជីវភាពរស់នៅគ្រួសារប្រចាំថ្ងៃពុំលំបាកដូចពេលមុនៗឡើយ។

ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស បានអបអរសាទរចំពោះលទ្ធផលជោគជ័យដែលយុវជនមាននៅថ្ងៃនេះ ដោយឯកឧត្តមជឿជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញបច្ចេកទេស នឹងចូលរួមចំណែកកាន់តែខ្លាំងដល់ការពង្រឹងគុណភាពអប់រំ បង្កើតការងារសមរម្យ និងមានប្រាក់ចំណូលដល់យុវជនដែលងាយរងគ្រោះ និងកម្មករ និយោជិត ដើម្បីកាត់បន្ថយភាពក្រីក្រ និងឆ្លើយតបនឹងតម្រូវការការងារលើទីផ្សារ។ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត សង្កត់ធ្ងន់ដែរថា៖ «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើគ្រប់វិស័យ ពិសេសការអភិវឌ្ឍវិស័យការងារ ពង្រឹងភាពសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ និងអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព»៕
ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដកោះកុង





