លោក ចាន់ បញ្ញាវ័ន្ដ ដឹកនាំមន្ត្រីជំនាញចុះធ្វើជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និងនៅសត្តឃាតដ្ឋាន
AKP កំពង់ធំ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥--
លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញចុះធ្វើជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និងនៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន សត្តឃាតដ្ឋានតាំងគោក សត្តឃាតដ្ឋានរំលង ស្រុកតាំងគោក ខេត្តកំពង់ធំ និងបន្តធ្វើជាបន្តបន្ទាប់ទៀត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វ ព្រមទាំងដើម្បីចូលរួមការការពារសុខភាពសាធារណ: និងសុខភាពប្រជាពលរដ្ឋឱ្យមុនពិធីបុណ្យចូលឆ្នាំចិនវៀតណាមនាពេលខាងមុខនេះ។

លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថា នេះជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ ដោយការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះការធ្វើជីវសុវត្ថិភាពនេះដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ។

លោកប្រធានការិយាល័យបានធ្វើការវាយតម្លៃក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វ ជាលទ្ធផលក្រុមការងារសម្រេចធ្វើបានលើរថយន្តក្នុងនោះឡានដឹកសត្វជ្រូកចំនួន១០ឡាន និងឡានដឹកមាន់ចំនួន១៥ឡាន។ ការចុះអនុវត្តដោយធ្វើវិធានការជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) បានទាន់ពេលវេលាមុនរដូវចូលឆ្នាំចិន-វៀតណាម។ ទន្ទឹមនឹងនេះ រថយន្តទាំងអស់នេះមុននឹងចេញដំណើរទៅណាមកណា ត្រូវតែមកបាញ់ថ្នាំសម្លាប់មេរោគការពារកុំឱ្យឆ្លងទៅសត្វដទៃទៀត និងការពារកុំឱ្យប៉ះពាល់ដល់សុខភាពមនុស្សដែលបរិភោគសាច់ផងដែរ៕

ដោយ ស៊ុម វណ្ណា





