រដ្ឋបាលរាជធានីភ្នំពេញ៖ យុទ្ធនាការបាញ់សម្លាប់សត្វមូសខ្លាបានបញ្ចប់ក្នុង៧ខណ្ឌ និងកំពុងបន្ដទៅ៧ខណ្ឌទៀត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥--
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ថា អនុវត្តតាមការចង្អុលបង្ហាញ និងការគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសុខុមាលភាពប្រជាពលរដ្ឋ គិតមកដល់ថ្ងៃទី២៤ មករានេះ យុទ្ធនាការបាញ់សម្លាប់មូសខ្លាក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងអាជ្ញាធរខណ្ឌ ជាមួយមន្ទីរសុខាភិបាលរាជធានី និងកងកម្លាំងកងពលតូចលេខ៧០ (ង៧០) បានបញ្ចប់ដំណាក់កាលទី១ចំនួន៧ខណ្ឌហើយ និងកំពុងបន្តតាមខណ្ឌចំនួន៧ទៀត។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនាពេលបើកយុទ្ធនាការនាពេលកន្លងមកថា នាដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើន បង្កឱ្យមានហានិភ័យចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពល តូចលេខ៧០(ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង៧ ដែលក្រុមការងារបាញ់សម្លាប់មូសខ្លារួច បានសម្តែងទឹកចិត្តរីករាយយ៉ាងក្រៃលែងចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ ក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានី ដែលបានធ្វើយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា យុទ្ធនាការបាញ់សម្លាប់មូសខ្លានៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញបានចាប់ផ្តើមឡើងកាលពីល្ងាចថ្ងៃទី១៤ ខែមករាឆ្នាំ២០២៥ កន្លងមកនេះ ដែលនេះជាកាដូដ៏មានតម្លៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

ដោយ សួស សំរិត





