អង្គការ Oxfam រៀបចំសិក្ខាសាលាការធ្វើឱ្យប្រសើរឡើងដល់គាំពារសង្គម និងសិទ្ធការងាររបស់កម្មករជាស្រ្តីក្នុងវិស័យកសិ-ស្បៀងអាហារ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥--
អង្គការអុកស្វាម Oxfam និងអង្គការដៃគូអនុវត្តគម្រោង «ការធ្វើឱ្យប្រសើរឡើងដល់គាំពារសង្គម និងសិទ្ធការងាររបស់កម្មករជាស្រ្តីក្នុងវិស័យកសិ-ស្បៀងអាហារ» បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង និងធ្វើផែនការសម្រាប់អនុវត្តគម្រោងក្នុងឆ្នាំបន្ទាប់ ចំនួន២ថ្ងៃ កាលពីដើមសប្តាហ៍នេះ។

នេះបើតាមការឱ្យដឹងពីអង្គការ Oxfam នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលលើបច្ចុប្បន្នភាពនៃការអភិវឌ្ឍ និងវឌ្ឍនភាពថ្មីទាក់ទងនឹងច្បាប់ ឬគោលនយោបាយគាំពារសង្គមនៅកម្ពុជា ចែករំលែកសមិទ្ធផល និងមេរៀនដែលទទួលបានពីការអនុវត្តគម្រោងនៅក្នុងឆ្នាំចាស់ ប្រមូលធាតុចូល និងយុទ្ធសាស្ត្រល្អៗបន្ថែមដើម្បីធ្វើការអនុវត្តគម្រោងឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀតក្នុងឆ្នាំបន្ទាប់។

អង្គការអុកស្វាមនឹងបន្តគាំទ្រ និងលើកកម្ពស់កម្មករជាស្រ្តីក្នុងវិស័យកសិ-ស្បៀងអាហារ រួមទាំងកសិករខ្នាតតូចឱ្យទទួលបានការងារសមរម្យ អនុវត្តសិទ្ធិរបស់ពួកគេ និងគាំពារសង្គមដែលរួមចំណែកដល់សមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ Oxfam)





