កម្មវិធីពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា នៅវិទ្យាល័យរុនតាឯក ក្រុងរុនតាឯក តេជោសែន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥--
នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្ររបស់អង្គការ Plan International Cambodia នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា» នៅវិទ្យាល័យរុនតាឯក ក្រុងរុនតាឯកតេជោសែន ដោយមានការចូលរួមដាក់ស្ដង់បញ្ជរផ្សព្វផ្សាយពីសំណាក់ស្ថាប័នដៃគូចំនួន ១៥ស្ថាប័ន និងបញ្ជរស្ដង់ស្នាដៃសិស្សចំនួន១៥។

លោក ប៉ក់ រឿត អភិបាលរងក្រុងរុនតាឯកតេជោសែន បានមានប្រសាសន៍ថ្លែងអំណរគុណដល់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ អង្គការភ្លែនអន្ដរជាតិកម្ពុជា និងតំណាងស្ថាប័នរដ្ឋ-ឯកជនទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង និងបានលើកឡើងអំពីសារៈសំខាន់ និងគោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍អប់តម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សតាមរយៈការបង្កលក្ខណៈជួបគ្នាដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្ដល់ឱកាសដល់សិស្ស បានសិក្សាស្វែងយល់អំពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈសម្បត្តិផ្ទាល់ខ្លួនបានច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា និងការរៀបចំផែនការសិក្សា នាពេលខាងមុខ។

ជាមួយគ្នានេះ កម្មវិធីពិព័រណ៍នៅកម្រិតសាលារៀន ក៏ជាផ្នែកមួយនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ ដែលក្រសួងអប់រំ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ក្នុងការជំរុញការអនុវត្តនៅកម្រិតសាលារៀនផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះចូលរួមដោយលោក ប៉ក់ រឿត អភិបាលរងក្រុងរុនតាឯកតេជោសែន លោកស្រី ទួន បញ្ញាវត្តី តំណាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ លោកស្រី ឡាំ សូនី ប្រធានកម្មវិធីអង្គការភ្លែនអន្ដរជាតិកម្ពុជា តំណាងអាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលារៀន តំណាងម្ចាស់បញ្ជរស្ដង់ពិព័រណ៍ និងមាតាបិតា អ្នកអាណាព្យាបាលសិស្សចំនួន ៧៩នាក់ លោកគ្រូអ្នកគ្រូចំនួន ២៤នាក់ ព្រមទាំងសិស្សានុសិស្សចូលរួមទស្សនាសិក្សារៀនសូត្រសរុប ៩២៩នាក់ ស្រី ៥៤៣នាក់។ ជាមួយគ្នានេះ ក៏មានសិស្សពីវិទ្យាល័យខ្នារសណ្ដាយ វិទ្យាល័យហ៊ុនសែនប្រាសាទបាគង វិទ្យាល័យបាយ័ន វិទ្យាល័យសម្ដេចឪ វិទ្យាល័យ ១០មករា វិទ្យាល័យអង្គរធំ និងវិទ្យាល័យហ៊ុនសែនសៀមរាបចំនួន ៧៨នាក់ ស្រី ៤២នាក់ មកចូលរួមទស្សនាសិក្សារៀនសូត្រក្រោមការដឹកនាំសម្របសម្រួលរបស់អង្គការដុងឌុយគ័រ និងអង្គការសាលាបាយ័ន្ដ។ វិទ្យាល័យរុនតាឯក ជាគោលដៅទី៥ ក្នុងខេត្តសៀមរាប ដែលត្រូវទទួលការគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុងឆ្នាំសិក្សាថ្មីនេះ៕
ដោយ ណយ នឿន (ប្រភព៖នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





