បញ្ជាការដ្ឋានកងទ័ពជើងទឹកបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥--
នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹក កាលពីពេលថ្មីៗនេះ បានផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរងកងទ័ពជើងទឹក ព្រមទាំងនាយទាហាន នាយនាវីរង ពលនាវីក កងទ័ពជើងទឹក និងមន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

ក្នុងសុន្ទរថាស្វាគមន៍ និងរបាយការណ៍ដែលអានដោយ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៤នេះ កងទ័ពជើងទឹកបានអនុវត្តភារកិច្ចស្នូលរបស់ខ្លួន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ បាវចនាពីរ និងអភិក្រមប្រាំ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងស្របតាមកម្មវិធីការងាររបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោពលខេមរភូមិន្ទ ក្នុងការណែនាំ និងការជួយជ្រោមជ្រែងទាំងស្មារតី និងសម្ភារ កងទ័ពជើងទឹកបានអនុវត្តតួនាទីរបស់ខ្លួន សម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ កងទ័ពជើងទឹកបានបន្តប្រើប្រាស់កម្លាំង និងមធ្យោបាយ សហការជាមួយនឹងសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងសមត្ថកិច្ចដទៃទៀត ធ្វើការល្បាតត្រួតពិនិត្យក្ដាប់សភាពការណ៍ និងបង្ក្រាបបទល្មើសនៅសមុទ្រ និងតំបន់ទន្លេជាប្រចាំ។ បានបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមកោះឆ្នេរ និងពង្រឹងយុទ្ធសាស្ត្រមួយចំនួន ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីការពារទប់ទល់នឹងហេតុការណ៍នានា រួមចំណែកការពារធិបតេយ្យភាពសមុទ្រ ធនធានធម្មជាតិ បរិស្ថាន និងធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍តាមសមុទ្រ។

ទន្ទឹមនេះកងទ័ពជើងទឹកបានយកចិត្តទុកដាក់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមបំពេញភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពង្រឹងការអនុវត្តច្បាប់ បង្ការទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ យ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះទៀត ក៏បានសហការជាមួយកងកម្លាំងជំនាញដទៃទៀត ធ្វើកិច្ចការសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះមហន្តរាយនានា និងបានចូលរួមចំណែកការពារសន្តិសុខជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ។ ឯកឧត្តម ឧត្តមនាវីឯក បានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកបានយកចិត្តទុកដាក់ធ្វើការហ្វឹកហ្វឺន អប់រំរៀនសូត្រ នយោបាយ សតិអារម្មណ៍ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ បានជាច្រើនវគ្គ ច្រើនលើក ជាពិសេសវគ្គខ្លីៗនៅតាមកងឯកភាព ដែលបានរួមចំណែកធ្វើឲ្យនាយនាវី និងពលនាវិក ភាគច្រើនយល់ជ្រួតជ្រាប អំពីមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបានយល់ច្បាស់ពីសារៈសំខាន់ នៃសន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនរុងរឿងលើគ្រប់វិស័យ។
ថ្លែងក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ទោះបីប្រឈមនូវសភាពការណ៍អន្តរជាតិដ៏ស្មុគស្មាញយ៉ាងណាក្ដី ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលធំៗជាច្រើន តាមរយៈការអនុវត្តយ៉ាងជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដែលបានកំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពគន្លឹះប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសគឺបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទីបួន និងបដិវត្តន៍កម្មឌីជីថលជាគន្លឹះ ដែលជាមធ្យោបាយដ៏សំខាន់ នៃការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ ក្រោមម្លប់សន្តិភាព កម្ពុជានៅតែបានអាចចូលរួមបានក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរក្សាបានយ៉ាងរឹងមាំ នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីត្រូវប្រឈមនឹងសភាពការណ៍អន្តរជាតិ និងសភាពការណ៍ក្នុងប្រទេស ដែលបណ្ដាលមកពីការប៉ុនប៉ងញុះញង់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តន៍ពណ៌ ពីសំណាក់ក្រុមអគតិ ពួកជ្រុលនិយមក្នុង និងក្រៅប្រទេសក៏ដោយ។ ឧបាយកលទាំងនោះត្រូវបានបរាជ័យទាំងស្រុង ដោយសារប្រជាពល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងយោធពលខេមរភូមិន្ទ បានការគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងបានថ្កោលទោសប្រឆាំងដាច់ខាតរាល់អំពើទុច្ចរិត និងខុសច្បាប់របស់ពួកអ្នកនយោបាយជ្រុលនិយមទាំងនោះ។ ជាមួយនឹងសន្តិភាពពេញលេញ និងស្ថិរភាពសង្គមនយោបាយរឹងមាំ កម្ពុជាបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្លា ធ្វើឱ្យជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

ចំពោះវិស័យការពារជាតិ ឯកឧតុ្តម នាយឧត្ដមសេនីយ៍ ទៀ សីហា បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ការកសាងបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយឡែកចំពោះកងទ័ពជើងទឹក កំណែទម្រង់ និងការធ្វើទំនើបកម្ម ត្រូវតែធ្វើទន្ទឹមគ្នា ព្រោះថាលក្ខណពិសេសរបស់កងទ័ពជើងទឹក គឺតម្រូវការផ្នែកសម្ភារគ្រឿងបំពាក់ និងយុទ្ធោបករណ៍ មានគ្រប់កម្រិត គ្រប់ផ្នែក និងមិនអាចខ្វះបានក្នុងការបំពេញភារៈកិច្ចរបស់ខ្លួន។ ឯកឧត្តមនាយឧត្តមសេនីយ៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងទឹក ដែលសម្រេចបានស្នាដៃជាច្រើន ពិសេសគឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សហការពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសនានា នៅលើផ្ទៃសមុទ្រ និងតាមតំបន់ជាប់សមុទ្រ ដូចជាការនេសាទខុសច្បាប់ ការជួញដូរផលិតដឹកជញ្ជូនចែកចាយគ្រឿងញៀនខុសច្បាប់ សកម្មភាពល្មើសនូវសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ អំពើជួញដូរមនុស្ស បទល្មើសធនធានធម្មជាតិ។
ទន្ទឹមនេះកងទ័ពជើងទឹកក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់គ្រប់គ្រង ថែទាំ ជួសជុលលក្ខណៈបច្ចេកទេសរបស់នាវា អូប័រ រថយន្ត និងគ្រឿងបំពាក់ដទៃទៀត ធានាបម្រើសកម្មភាពល្បាត សកម្មភាពហ្វឹកហ្វឺន សកម្មភាពដឹកជញ្ជូន និងសកម្មភាពសង្គ្រោះផ្សេងៗ បានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបំពាក់គ្រឿងឥស្សរិយយស និងប្រគល់បណ្ណសរសើរ លិខិតសរសើរ ជូនដល់បណ្តាអង្គភាពកងទ័ពជើងទឹក និងបុគ្គលដែលមានស្នាដៃ ក្នុងការបំពេញភារកិច្ច ទទួលបានលទ្ធផលល្អ នាឆ្នាំ២០២៤កន្លងមក៕
ដោយ សំ សាម៉ន





