លោក ផាង វី អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការអភិវឌ្ឍមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥-- លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការអភិវឌ្ឍមូលដ្ឋាន ក្នុងឱកាសដែលលោក និងសាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈក្រុមការងារចុះមូលដ្ឋានឃុំទ្រា កាលពីរសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥ នៅវត្តឥន្ទរង្សី ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក ផាង វី បានទទួលយកសំណូមពរ និងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងទាំងអស់ ដើម្បីប្រជុំពិនិត្យវាយតម្លៃជារួមថាតើសំណូមពរ និងបញ្ហាអ្វីខ្លះដែលជាសមត្ថភាព លទ្ធភាពឃុំ ស្រុក ដៃគូអភិវឌ្ឍន៍ ឬស្ថាប័នមន្ទីរអង្គភាពនានាអាចធ្វើបាន ហើយបញ្ហាអ្វីខ្លះដែលក្រុមការងារសហការដោះស្រាយ ដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងឆ្លើយតបតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់អាជ្ញាធរឃុំទ្រាត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងាររបស់ខ្លួនជាពិសេស គឺខិតខំរក្សាឱ្យបាននូវគោលការណ៍ភូមិឃុំមានសុវត្ថិភាព ហើយអាណាព្យាបាលត្រូវជំរុញកូនចៅទៅសាលារៀន និងសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ និងជាឱកាសដែលពួកគាត់អាចចៀសផុតពីក្រុមសេពគ្រឿងញៀន ក្មេងទំនើង ឬទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

ជាមួយគ្នានេះដែរ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលឃុំទ្រា ត្រូវតែមានភាពច្បាស់ការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍមូលដ្ឋាន ដោយមានផែនការមេ និងផែនការសកម្មភាពជាអាទិភាពច្បាស់លាស់ ហើយចៀសវាងនូវការលើកគម្រោងអភិវឌ្ឍន៍ជាន់គ្នាជាមួយនឹងគម្រោងដៃគូអភិវឌ្ឍន៍អង្គការស្ថាប័ន អង្គភាពមន្ទីរពាក់ព័ន្ធក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ដែលកំពុងតែចូលរួមអភិវឌ្ឍមូលដ្ឋាននាពេលបច្ចុប្បន្ន និងបានជំរុញបន្ថែមទៀតដល់អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋត្រូវសិក្សា និងសហការគ្នាឱ្យអស់ពីលទ្ធភាពដើម្បីកាយបើកលូ ឬប្រព័ន្ធរំដោះទឹកចាស់មួយចំនួនដែលកកស្ទះ និងការរំលោភបំពានដោយអាណាធិបតេយ្យឱ្យមានរូបរាងនិងដំណើរការឡើងវិញ ដើម្បីរំដោះទឹកកុំឱ្យជន់លិចមូលដ្ឋានជាពិសេសទីរួមស្រុកស្ទោង៕

ដោយ ស៊ុម វណ្ណា





