ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្ដល់វិញ្ញាបនបត្រជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រជូនប្រជាពលរដ្ឋជូនចំនួន៦ភូមិ ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត ក្រុមការងារចុះមូលដ្ធានខេត្ត និងលោក លោកស្រីមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្តនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងអំពីសមិទ្ធផលនានាឱ្យឃើញពីការរីកចម្រើនដែលដាក់ ឱ្យប្រើប្រាស់នាពេលនេះដែលបានឧបត្ថម្ភ និងគាំទ្ររបស់រាជរដ្ឋាភិបាល មានផ្លូវ ក្លោងទ្វារវត្ត ការចាក់ដីបំពេញទីធ្លា របង អណ្តូងទឹក បន្ទប់ទឹក និង ដាក់អំពូលពន្លឺព្រះអាទិត្យ ពិសេសបណ្ណកម្មសិទ្ធដីធ្លី ដែលសមិទ្ធផលទាំងអស់នេះ កើតចេញពីការយកចិត្តទុកដាក់ពីរាជរដ្ឋភិបាលដែលមានយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ដើម្បីជំរុញឱ្យមានកំណើនជាថ្មីដើម្បីបម្រើឱ្យការធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះវិធានការជាច្រើនត្រូវបាន និងកំពុងបន្តអនុវត្តសម្រាប់ពេលចំពោះមុខ រាប់បញ្ចូលទាំងវិស័យការកាន់កាប់កម្មសិទ្ធដីធ្លីផងដែរ ការផ្ដល់វិញ្ញាបនបត្រ ការចុះបញ្ជីដីធ្លី គឺបានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ បានជាច្រើន ដូចជាមានកន្លែងរស់នៅមួយ ដែលពិតប្រាកដ អាចប្រកបមុខរបរចិញ្ចឹមជីវិត ងាយស្រួល អាស្រ័យផលលើផ្ទៃដីដែលជាកម្មសិទ្ធិរបស់គាត់ផ្ទាល់ពិសេសកាត់បន្ថយនូវទំនាស់ដីធ្លីដែលកើតឡើងដោយសារការរស់នៅលើដីដែលមិនច្បាស់លាស់ និងគ្មានបណ្ណកម្មសិទ្ធិជាដើម ។ ម្យ៉ាងទៀត គឺមានបណ្ណកម្មសិទ្ធិស្របច្បាប់ អាចយកទៅខ្ចីលុយធ្វើដើមទុនរកស៊ីបានទៀតផង ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានជំរុញដល់មន្ត្រីពាក់ព័ន្ធពន្លឿនកាងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺយើងចុះទៅដល់ទីតាំងមួយភូមិម្តងៗបន្ថែមទៀត។ កន្លងមកយើងឃើញថា ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង សប្បាយចិត្ត ព្រោះពួកគាត់យល់ដឹងពីការប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីនេះ គឺធានាដោយច្បាប់៕

ដោយ បៃ ស៊ីថុន





