ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានសន្តប៉ូល ស្ថិតនៅក្នុង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ រួមជាមួយគ្រួសារ អាណាព្យាបាល ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបង្រៀនរបស់សាស្ត្រាចារ្យ និងការខិតខំសិក្សារបស់និស្សិត ក្នុងរយៈពេល៤ឆ្នាំកន្លងមក រហូតសម្រេចលទ្ធផលដ៏គួរជាទីមោទនៈ។ និស្សិតជ័យលាភីទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែម ស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ព្រមទាំងត្រូវបំពេញការងារដោយយកចិត្តទុកដាក់ ទំនួលខុសត្រូវខ្ពស់ និងមានក្រមសីលធម៌ល្អ ជាពិសេស ត្រូវធ្វើជាយុវជនគំរូ និងជារៀមច្បងដែលមានវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិស្សប្អូនជំនាន់ក្រោយ កសាងទំនាក់ទំនងល្អ និងមានសាមគ្គីភាពជាមួយនឹងមិត្តដែលសិក្សារួមជំនាន់។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស សរុបប្រមាណ ៨៦០ នាក់៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





