ឯកឧត្ដម គួច ចំរើន ជួបជាមួយកសិករ៣ឃុំនៅស្រុកស្អាង ដែលខ្វះខាតទឹកធ្វើស្រែប្រាំង
AKP កណ្ដាល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យស្ថានភាពផ្ទៃដីស្រូវប្រាំងប្រមាណជាង ២០០០ហិកតា ស្ថិតក្នុងឃុំចំនួន៣ រួមមានឃុំទឹកវិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលប្រឈមក្នុងការខ្វះខាតទឹក សម្រាប់ស្រោចស្រព ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រពស្រូវ និងបន្តចុះពិនិត្យស្ថានភាព ទីតំាងភូមិសាស្រ្តប្រភពទឹក និងការកាយបង្ហូរទឹកជួយដល់ការខ្វះខាតនូវទឹកធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅពេលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរ ឯកឧត្តមបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹកថា សម្រាប់ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព និងបានធ្វើការណែនាំជូនដល់ប្រជាកសិករទាំងអស់ សូមឱ្យធ្វើស្រែតែម្តងក្នុងរដូវវស្សានេះ ព្រោះបើសិនជាបងប្អូនប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់តែម្តង មិនថាតែស្រោចស្រពដំណាំទេ សូម្បីតែមនុស្ស និងសត្វក៏មិនមានទឹកសម្រាប់ ផឹក និងបរិភោគផងដែរ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមការងារ បានបន្តចុះធ្វើការពិនិត្យគ្រឿងចក្រ ម៉ាស៊ីនបូមទឹកនៅតាមប្រឡាយនានា ពិសេសប្រឡាយអន្តរឃុំ ដើម្បីរុញទឹកចូលដល់ស្រែរបស់ប្រជាកសិករ ក្នុងការសង្គ្រោះស្រូវប្រាំង ដែលមានបញ្ហាប្រឈម និងការខ្វះទឹកស្រោចស្រព។ ក្នុងនោះដែរខាងព្រលានយន្តហោះតេជោក្រុងតាខ្មៅ ក៏បានរុញទម្លាក់ទឹកប្រហែល ៥០ម៉ឺនម៉ែត្រគូប ដើម្បីជួយសង្រ្គោះស្រូវបងប្អូនប្រជាកសិករនៅជុំទី១នេះឱ្យបានគ្រប់គ្រាន់ និងបន្តរក្សាទឹកទុកដើម្បីប្រើប្រាស់បន្តផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





