កម្រាលរានទស្សនាថ្មីនៅស្រះទឹកអង្គរខាងត្បូងអាចឱ្យអ្នកទេសចរឈរថតរូបអនុស្សាវរីយ៍ជាប់ស្រមោលប្រាសាទអង្គរ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥--
ក្រោយពេលចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូងនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរការហើយ នូវកម្រាលរានទស្សនាថ្មីនេះគឺអាចជួយឱ្យអ្នកទេសចរឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ។ នេះជាអំណោយផលមួយ និងក៏ដូចជាជួយឱ្យអ្នកទេសចរអាចថតផ្តិតយករូបភាពអង្គរវត្តរបស់ខ្មែរបានយ៉ាងស្រស់ស្អាតមួយផ្នែកទៀតពីប្រសាទអច្ឆរិយៈដ៏ល្បីរន្ទឺលើពិភពលោកមួយនេះ។

លោក យ៉ា ណុប ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស បានឱ្យដឹងថា ការរៀបចំបែបនេះពិតជាល្អប្រសើរយ៉ាងខ្លាំង អាចជួយសម្រួលឱ្យទេសចរថតរូបភាពស្អាតៗនៅស្រះទឹកខាងត្បូងប្រាសាទអង្គរវត្ត អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើន។

អាជ្ញាធរអប្សរាបានឱ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៥ថា កម្រាលរានទស្សនានៅមាត់ស្រះទឹកអង្គរខាងត្បូង មានទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ ដោយមានការសហការពីភ្នាក់ងារបេតិកភណ្ឌវប្បធម៌កូរ៉េ (KHA)។ កន្លងមកនៅរដូវវស្សាស្រះមានទឹកច្រើន បែកសាចចេញពីស្រះ ធ្វើឱ្យមានការលំបាកការផ្តិតយករូបភាពស្អាតៗ និងស្រស់ស្អាត៕

ដោយ៖ ដេប៉ូ





