ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែប
AKP កែប ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកែបបានរៀបពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅសាលប្រជុំសេះសនៃសាលាខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកែបមួយឆ្នាំកន្លងទៅនេះ បានរៀបចំដំណើរអភិវឌ្ឍន៍របស់ខ្លួនចំទិសល្អ តាមរយៈការសម្រេចបាននូវសមិទ្ធផលនានា ដែលសមស្របជាមួយសក្តានុពលលើវិស័យទេសចរណ៍ដែលខេត្តនេះមានស្រាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា ខេត្តកែបជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះរាល់ការអភិវឌ្ឍខេត្តត្រូវផ្តោតសំខាន់ទៅលើខឿនយុទ្ធសាស្ត្រ ដោយកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអនាម័យបរិស្ថានតាមតំបន់ឆ្នេរទៀតផង តួយ៉ាងកន្លងមក ខេត្តកែបសម្រេចបានជាស្ថាពរ នូវសមិទ្ធផលដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ផែទេសចរណ៍កោះទន្សាយទាំងលើគោក និងលើកោះ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងប្រមាណជាង១២គីឡូម៉ែត្រ ទីលានចាក់សម្រាម និងសមិទ្ធផលធំៗ ជាច្រើនទៀត ក្នុងនោះឆ្នេរតេជោសន្តិភាពកែប ក៏ជាទីតាំងដ៏មានសក្កានុពលក្នុងការស្រូបទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកែបកាន់តែច្រើនផងដែរ។ សក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តកែប មានភាពរីកចម្រើនកាន់តែខ្លាំង បានកែប្រែមុខមាត់ខេត្តកែប ឱ្យល្បីល្បាញ និងទទួលបានកេរ្តិ៍ឈ្មោះ ជាតារារះនៅទិសនារតី និងជាខេត្តដែលមានឆ្នេរខ្សាច់ស្អាតដាច់គេថែមទៀត។

ក្រៅពីសក្តានុពលវិស័យទេសចរណ៍ ដោយឡែកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោលនយោបាយជាតិ រួមទាំងចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ បន្តរួមគ្នាគិតគួរដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ឆ្លើយតបឱ្យទាន់សភាពការណ៍ និងតម្រូវការសេវាចាំបាច់នានាឱ្យដល់មូលដ្ឋាន ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា៕
ដោយ ប្រាក់ លាង





