រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥
AKP កណ្តាល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។

ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវបានវាយតម្លៃ និងឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានធ្វើឱ្យលទ្ធផលនៃការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៣ របស់ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់ល្អទូទាំង១២៧ឃុំ-សង្កាត់ ក្នុងនោះប្រភេទលេខ១ មាន១១៣ឃុំ-សង្កាត់ និងប្រភេទលេខ២ មាន១៤ឃុំ-សង្កាត់។ ដើម្បីរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជាពិសេសពង្រឹងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់នឹងបន្តប្ដេជ្ញាប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើសគ្រប់ប្រភេទដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសនានា។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកណ្ដាលនឹងខិតខំធ្វើឱ្យខេត្តមានសន្តិសុខ សុវត្ថិភាព សម្រាប់ការរស់នៅបានសុខស្រួល ទាក់ទាញការវិនិយោគ និងទេសចរណ៍ ស្របតាមចក្ខុវិស័យរបស់ក្រសួងមហាផ្ទៃ គឺរដ្ឋបាលដែនដីនៅគ្រប់ថ្នាក់ជារដ្ឋបាលរបស់ប្រជាជន កើតចេញពីប្រជាជន បម្រើសេវា និងផលប្រយោជន៍ជូនប្រជាជន តាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ពង្រឹងការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ នាំឱ្យប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។
ក្នុងឱកាសនោះ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្ត ដែលបានខិតខំធ្វើឱ្យការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤ ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញដល់រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយ។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំ ក្នុងឆ្នាំ២០២៤ មានបទល្មើសព្រហ្មទណ្ឌបានកើតឡើង ៣៤១ ករណី ដែលក្នុងនោះមានបទឧក្រិដ្ឋ ៧១ ករណី និងបទមជ្ឈិម ២៧០។ កម្លាំងសមត្ថកិច្ចបានបង្រ្កាបបទល្មើសព្រហ្មទណ្ឌបានចំនួន ៣១៦ ករណី ស្មើនឹង ៩៣ភាគរយ នៃករណីសរុប ដោយឃាត់ខ្លួន៥៣៦នាក់ ក្នុងនោះបទឧក្រិដ្ឋបង្ក្រាបបាន៦២ករណី ឃាត់ខ្លួន១២៥នាក់ និងបទមជ្ឈិម បង្ក្រាបបាន២៥៤ករណី ឃាត់ខ្លួន៤១១នាក់។ បទល្មើសគ្រឿងញៀនបង្រ្កាបបានចំនួន៦៩៣ករណី ឃាត់ខ្លួនជនសង្ស័យ ១ ២៥៧ នាក់ ដែលក្នុងនោះ ករណីជួញដូរគ្រឿងញៀន ៣៣២ ករណី ឃាត់ខ្លួន ៧០២ នាក់ ។ ករណីរក្សាទុកខុសច្បាប់នូវសារធាតុញៀន២៧៩ករណី ឃាត់ខ្លួន ៤០៦ នាក់ និងករណីប្រើប្រាស់គ្រឿងញៀន ៨២ ករណី ឃាត់ខ្លួន ១៤៩ នាក់។ ល្បែងស៊ីសងចំនួន៩០ករណី ឃាត់ខ្លួន ១៥០ នាក់ ដោយមាន វិធានការរដ្ឋបាល៦ករណី ធ្វើកិច្ចសន្យាអប់រំ១៧នាក់ និង វិធានការច្បាប់៨៤ករណី ឃាត់ខ្លួន១៣៣នាក់៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





