សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តការត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរឱ្យបានខ្លាំងក្លាឡើងវិញ ជាពិសេសក្នុងពេលចូលឆ្នាំចិន នាពេលប៉ុន្មានថ្ងៃខាងមុខ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ទៅអគ្គស្នងការនគរបាលចរាចរណ៍ផ្លូវគោក ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរឱ្យបានខ្លាំងក្លាឡើងវិញ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាពិសេសជាមួយអគ្គស្នងការនគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ហើយបន្តជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ ឬផាក់ពិន័យបទល្មើសចរាចរណ៍លើទូរសព្ទដៃ ដែលបានដាក់ឱ្យអនុវត្តកន្លងមក ដើម្បីបង្កើនការចូលរួម ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឈានទៅដល់បន្ថយអត្រាគ្រោះថ្នាក់នៃចរាចរណ៍។

ក្នុងនោះសម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំអនុវត្តទប់ស្កាត់ ឈានដល់ការថយចុះនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងទៅ តែទោះជាបែបនេះក្តី នាពេលថ្មីៗប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហាក់ងើបឡើងវិញ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាស៍ថា "ខ្ញុំសូមអរគុណកន្លងទៅ ដែលបានខិតខំយកចិត្តទុកដាក់ ត្រួតពិនិត្យទៅលើការបើកបរស្រវឹងបានក្រាបបន្តិច ប៉ុន្មានថ្ងៃនេះ ប៉ុន្មានអាទិត្យនេះ ចាប់ផ្តើមឃើញឡើងវិញ សូមពិនិត្យមើល ការត្រួតពិនិត្យជាតិស្រវឹងឡើងវិញ ហើយជាពិសេសក្នុងពេលប៉ុន្មានថ្ងៃនេះ ចូលឆ្នាំ គេថាចូលឆ្នាំចិន ស្រវឹងខ្មែរ ជាពិសេសនៅក្នុងការប្រើប្រាស់នៅពេលយប់" ។


ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងជុំវិញ ការបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងថ្មីៗនេះ នៅផ្លូវ៦០ម៉ែត្រ ដែលសម្តេច បានឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ និងរិះរកមធ្យោបាយទប់ស្កាត់ និងឱ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ខណៈអាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតែម្តង ។
ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា "ប៉ុន្តែទោះជាយ៉ាងណា ការកាត់បន្ថយ នៅក្នុងការគ្រោះថ្នាក់នេះ ដោយភាពស្រវឹង ក៏មានការថយចុះ ប៉ុន្តែអត្រានៃការគ្រោះថ្នាក់ចរាចរណ៍នៅច្រើននៅឡើយ ហើយនៅកម្ពុជាយើង ក្រោយពីចប់សង្គ្រាម គឹអត្រាដែលមូលហេតុដែលសម្លាប់មនុស្សច្រើនជាងគេ ធ្វើឱ្យបាត់បង់ជីវិតមនុស្សច្រើនជាងគេគឺគ្រោះថ្នាក់ចរាចរណ៍"៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





