សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យផ្សព្វផ្សាយបញ្រ្ជាបគោលការណ៍គ្រឹះចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបន្ទាយមានជ័យជាច្រើននាក់ បានចូលរួមស្តាប់ការផ្សព្វផ្សាយស្តីពីគោលការណ៍គ្រឹះប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកស្រី មឿន លាភា នាយករងប្រតិបត្តិសាខាកាកក្រហមខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌ធំជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ ក្នុងស្ថានភាពបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យនោះក្នុងស្មារតីដោះស្រាយការលំបាក លើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតកាកបាទក្រហមបានបំផុសនូវកម្លាំងមនុស្សធម៌ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមជាមួយសមាគមជាតិតាមរយៈយុទ្ធនាការរួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនដល់បងប្អូនប្រជាពលរដ្ឋ និងពង្រឹងភាពធននៅក្នុងសហគមន៍។

លោកស្រីបានធ្វើការបង្ហាញដល់និស្សិតឱ្យដឹងពីគោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហមកម្ពុជារួមមាន៖ ទី១. ភាពមនុស្សធម៌កើតឡើងដោយបំណងប្រាថ្នាសំដៅជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះមិនប្រកាន់ពូជសាសន៍មិនបែងចែកឫរើសអើង។ ទី២. ភាពមិនលម្អៀងបែងចែករើសអើងជាតិសាសន៍ វណ្ណៈ ឬនិន្នាការនយោបាយអ្វីឡើយ។ ទី៣. អព្យាក្រឹតភាពមិនចូលរួមនៅក្នុងការវែកញែករកខុសត្រូវក្នុងបញ្ហានយោបាយជំនឿ សាសនា ឬមនោគមន៍វិជ្ជា។ ទី៤. ឯករាជ្យភាពចលនាត្រូវតែឯករាជ្យទោះជាជំនួយការឱ្យរាជរដ្ឋាភិបាលខាងសេវាកម្មមនុស្សធម៌ និងនៅក្រោមច្បាប់ប្រទេសណាក៏ដោយជានិច្ចកាលត្រូវតែរក្សាស្វ័យភាពរបស់ខ្លួន។ ទី៥. សេវាកម្មស្ម័គ្រចិត្តគឺជាអង្គភាពសង្គ្រោះដោយស្ម័គ្រចិត្តដែលមិនមែនធ្វើសកម្មភាពដោយសារតែចង់ចំណេញនោះឡើយ។ ទី៦. ឯកភាពសមាគមជាតិត្រូវតែបើកចំហជូនជនគ្រប់រូបហើយត្រូវបំពេញភារកិច្ចមនុស្សធម៌នៅទូទាំងប្រទេស និងទី៧. សកលភាពចលនាកាកបាទក្រហមមានការទទួលខុសត្រូវក្នុងការជួយគ្នាទៅវិញទៅមកគឺជាលក្ខណៈសកល។

លោកស្រី មឿន លាភា បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបម្រើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានធ្វើការផ្សព្វផ្សាយ ស្តីអំពីគោលការណ៍និង ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលនយោបាយយុវជន ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមុនស្សធម៌។ ហេតុនេះប្អូនៗជាទំពាំងស្នងប្ញស្សីជាអ្នកបន្តវេនក្នុងសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជាត្រូវគោរពវិន័យសាលា ខិតខំរៀនសូត្រឱ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍ឱ្យបានទូលំទូលាយ៕


ដោយ ឈុន សារ៉ាត





