ឯកឧត្តម ខាន់ ខុន និងលោកជំទាវ ឧបត្ថម្ភអណ្ដូងទឹកស្អាតជូនកងវរសេនាតូចលេខ៤៤៨នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- ក្រុមការងារបច្ចេកទេសបុកអណ្ដូងទឹកស្អាតចំនួនមួយក្រុមរបស់ឯកឧត្តម ខាន់ ខុន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកជំទាវបានមកដល់ទីបញ្ជាការកងវរសេនាតូចលេខ៤៤៨នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមសំណើរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីធ្វើសកម្មភាពបុកអណ្ដូង និងរៀបចំប្រព័ន្ធទឹកស្អាតជូនយោធិន និងក្រុមគ្រួសារប្រើប្រាស់នៅទីបញ្ជាការកងវរសេនាតូចលេខ៤៤៨ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅក្នុងទីតាំងកងវរសនាតូចលេខ៤៤៨នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកងកម្លាំង និងក្រុមគ្រួសារយោធិននៅក្នុងរដូវវស្សាប្រើប្រាស់ទឹកស្រះ ដែលបានមកពីទឹកភ្លៀង តែក្នុងរដូវប្រាំង ទឹកស្រះត្រូវរីងស្ងួតខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងអង្គភាពហើយកន្លងមកនេះ អង្គភាពមានអណ្ដូងទឹកចំនួនពីរ តែមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់តាមសេចក្តីត្រូវការរបស់កងកម្លាំង និងក្រុមគ្រួសារនៅឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តម ខាន់ ខុន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកជំទាវ ដោយកន្លងមកនេះតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏ដូចជាគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយបានបុកអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់នៅលើដីសម្បទានសង្គមកិច្ច សម្រាប់អតីតយុទ្ធជនបានចំនួនពីរអណ្ដូងរួចមកហើយ ហើយថ្ងៃនេះបានជួយដោះស្រាយបុកអណ្ដូងទឹកស្អាត សម្រាប់កងកម្លាំងនៃកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានប្រើប្រាស់បន្ថែមទៀត និងសូមគោរពជូនពរឯកឧត្តមនិងលោកជំទាវ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច ក្នុងការបម្រើប្រជាជនដែលរាជរដ្ឋាភិបាលប្រគល់ជូន៕



ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





