កម្មវិធីពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា នៅវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្ររបស់អង្គការ Plan International Cambodia នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា» នៅវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយមានការចូលរួមដាក់ស្ដង់បញ្ជរផ្សព្វផ្សាយពីសំណាក់ស្ថាប័នដៃគូចំនួន០៨ស្ថាប័ន និងបញ្ជរស្ដង់ស្នាដៃសិស្សចំនួន០៩ ក្រោមអធិបតីភាពលោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ លោកស្រី ទួន បញ្ញាវត្តី តំណាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ មានអ្នកចូលរួមសរុប ១ ៥៨៨នាក់។

លោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ បានមានប្រសាសន៍ថ្លែងអំណរគុណដល់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ អង្គការភ្លែនអន្ដរជាតិកម្ពុជា និងតំណាងស្ថាប័នរដ្ឋ-ឯកជនទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។ ជាមួយគ្នានេះ លោកស្រីអភិបាលរងស្រុក ក៏បានលើកឡើងអំពីសារៈសំខាន់ និងគោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍អប់តម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សតាមរយៈការបង្កលក្ខណៈជួបគ្នាដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្ដល់ឱកាសដល់សិស្ស បានសិក្សាស្វែងយល់អំពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈសម្បត្តិផ្ទាល់ខ្លួនបានច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា និងការរៀបចំផែនការសិក្សា នាពេលខាងមុខ។ កម្មវិធីពិព័រណ៍នៅកម្រិតសាលារៀន ក៏ជាផ្នែកមួយនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ ដែលក្រសួងអប់រំ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ ក្នុងការជំរុញការអនុវត្តនៅកម្រិតសាលារៀនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អង្គការភ្លែនអន្ដរជាតិកម្ពុជា បានផ្ដល់ការគាំទ្រដល់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា នៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅសរុបចំនួន ១៨សាលារៀន ដែលស្ថិតក្នុងខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ វិទ្យាល័យ ២៨មករា ជាគោលដៅទី៤ ក្នុងខេត្តសៀមរាប ដែលត្រូវទទួលការគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុងឆ្នាំសិក្សាថ្មីនេះ៕


ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





