រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ ក្រសួងបានបង្កើតសហគមន៍ទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ ជាមួយការផ្តល់កម្ចីការប្រាក់ទាប
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- មកដល់ពេលនេះក្រសួងកសិកម្មបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ដោយផ្តោតទៅលើដំណាំយុទ្ធសាស្រ្ត៤ គឺស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បញ្ជាក់ក្នុងពិធីបិទ «សន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងចំណោមនេះមានសហគមន៍ចំនួន៥បានទទួលប្រាក់កម្ចី៨៥ម៉ឺនដុល្លាររួចមកហើយក្នុងអត្រាការប្រាក់ទាបពោលគឺត្រឹមតែ៧ភាគរយក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ ក្រសួងកសិកម្មបានសហប្រតិបត្តិការល្អជាមួយដៃគូជាច្រើនក្នុងនេះដូចជា ធានាគារវីង សហគ្រិនខ្មែរ សាជីវកម្មឥណ្ឌទានកម្ពុជា និងក្រុមហ៊ុនបៃតងដើម្បីបង្កើនការគាំទ្រដល់សហគមន៍កសិកម្មទំនើប។

ឯកឧត្តម ឌិត ទីណា បានថ្លែងដោយបញ្ជាក់បន្ថែមថា ក្រសួងគ្រោងប្រើប្រាស់ថវិកាពិសេសមួយចំនួនដើម្បីជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដោយផ្តល់ការគាំទ្រដល់សហគមន៍ដែលស្ម័គ្រចិត្តចូលរួមផលិតស្រូវផ្ការំដួល និងស្រូវសែនក្រអូបរបស់កម្ពុជាដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដែលមានស្រាប់ ដោយការប្រើប្រាស់កម្ចីការប្រាក់ទាប។ ក្នុងនោះក្រសួងបានជួយសម្រួលក្នុងការពង្រីកកិច្ចសហការណ៍ជាមួយដៃគូធនាគារ ក្នុងការផ្តល់ប្រាក់កម្ចីការប្រាក់ទាបជូនដល់សហគមន៍ដែលបានបង្កើតឡើងចង់ខ្ចីប្រាក់ប្រើប្រាស់។

គួរបញ្ជាក់ថា បើតាម ឯកឧត្តម ឃឹមហ្វីណង់ មន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនាពេលកន្លងមកថា គោលបំណងការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម៕
ដោយ៖ ដេប៉ូ





